បុរសបែកថ្នាំប្រើកាំបិតនិងពូថៅដេញកាប់គេឯងផ្អើលសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួននៅខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល៖ មនុស្សជាច្រើនរយនាក់បាននាំគ្នាកកកុញចោមរោមមើលសមត្ថកិច្ចនគរបាលឡោមព័ទ្ធចាប់ខ្លួនបុរសបែកថ្នាំម្នាក់ ដែលប្រើប្រាស់កាំបិតនិងពូថៅវាយលោកនាយកនិងលោកគ្រូប្រចាំវិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបរិវេនវិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ស្ថិតភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាលោកអនុសេនីយ៍ទោ ពុយ ទ្រី បានឲ្យដឹងថា ករណីនេះបណ្តាលមានមនុស្ស៣នាក់រងរបួសទី១-ជាអធិការរងនគរបាលស្រុកស្អាង ទី២-ជានាយយកសាលា គឺលោក សុខ ពៅ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ទី៣-ជាគ្រូបង្រៀន គឺលោក គុណ សុភា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ។

ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ ប្រិយ ណុប ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាំបិតផ្គាក់០១, កាំបិតបុ័ងតោ០១, ពូថៅ០១, ចបជីក០១, ដែកជុំនិក០១ និងចបចក់០១ ។

ដោយឡែកសម្ភារៈដែលរងការខូចខាតរួមមាន ម៉ូតូ០២គ្រឿង ១គ្រឿងហុងដា S.H ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1O-7080 និង១គ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៌ប្រផេះ គ្មានស្លាកលេខ, កុំព្យូទ័រ០១គ្រឿង, ទូរស័ព្ទដៃ០១គ្រឿងម៉ាក SAMSUNG GALAXY A8 និងវិទ្យុទាក់ទងចំនួន០១គ្រឿងផងដែរ ។

លោក ពុយ ទ្រី បានបន្តថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋឃើញជនសង្ស័យមានសភាពខុសប្លែកពីធម្មតាស្រែកឡូឡាកាន់កាំបិតប៉័ងតោរត់ចូលទៅក្នុងវិហ៊ាចាស់វត្តស្លាកេត្ត ។ មួយសន្ទុះក្រោយមកជនសង្ស័យបានកាន់កាំបិតផ្គាក់ និងពូថៅ រត់ចូលទៅក្នុងវិទ្យាល័យហ៊ុន សែន ត្រើយស្លា ។ ពេលទៅដល់ជនសង្ស័យបានចាប់ក្របួច.កអាវលោកនាយកសាលាដែលកំពុងសម្រាកនៅក្នុងបន្ទប់វាយដោយខ្នងកាំបិតបណ្តាលឲ្យរងរបួស និងបានបន្តវាយបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងសាលា និងម៉ូតូ២គ្រឿងរងការខូចខាតយ៉ាងដំណំ ធ្វើឲ្យសិស្សសាលាមានការភ័យខ្លាចយ៉ាងខ្លាំង។

ក្រោយកើតហេតុលោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅអន្តរាគមន៍ ខណៈទៅដល់បុរសបែកថ្នាំមានភាពកាចសាហាវនោះបានដេញកាប់ទៅលើមន្ត្រីនគរបាលប៉ុស្តិ៍ បណ្តាលឲ្យត្រូវចំវិទ្យុទាក់ទងរងការខូចខាត តែសំណាងល្អមិនមានរបួស ។

លោក ពុយ ទ្រី បានបញ្ជាក់ថា ដោយឃើញពីភាពកាចសាហាវនេះ លោកបានរាយការណ៍ជូនលោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្នើសុំកម្លាំងអន្តរាគមន៍ជួយបន្ថែមទៀត ។ ពេលកងកម្លាំងចុះទៅដល់ព្យាយាមលួងលោមយ៉ាងណាក៏ជនសង្ស័យនៅតែមិនស្តាប់ ទើបសមត្ថកិច្ចសម្រេចចិត្តប្រើប្រាស់ដំបងវាយជនសង្ស័យឲ្យធ្លាក់កំបិតពីដៃ គ្រានោះជនសង្ស័យបានដេញកាប់ទៅលើលោកអធិការរងបណ្តាលឲ្យលោករអិលជើងដួលទៅលើដី ខណៈនោះជនសង្ស័យយាកាំបិតរកកាប់បន្ថែម តែត្រូវបានកម្លាំងសមត្ថកិច្ចយកដំបងខ្ទាស់ជាប់ចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

10 1 2 3 4 5 6 7 8 9

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print