រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអនុវត្តសារាចរណែនាំលេខ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ឱ្យមានប្រសិទ្ធភាព ជាពិសេសពង្រឹងការអនុវត្តច្បាប់ និង ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំ ដូចខាងក្រោម៖ ១- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវរៀបចំអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម -ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ។ -ត្រូវចាត់វិធានការតឹងរឹងក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវរូបភាព និង ខ្លឹមសារពាក់ ព័ន្ធនឹងល្បែងស៊ីសងច្បាប់គ្រប់ប្រភេទ ។ ត្រូវចាត់វិធានការត្រួតពិនិត្យការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាផ្ទាំងប៉ាណូ របារកាត់ទទឹងផ្លូវ ទូរទស្សន៍ LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក ។ល។ ករណីរកឃើញថាមានការ ផ្សព្វផ្សាយល្បែងស៊ីសង ត្រូវចាត់វិធានការបកផ្ទាំងផ្សព្វផ្សាយនោះចេញជាបន្ទាន់ -ត្រូវសហការជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យ យល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃការលេងល្បែងស៊ីសង ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែង ស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។ ២-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវជំរុញលើកទឹកចិត្តស្ថានីយទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យផលិតវីដេអូដែលមានខ្លឹមសារផ្តល់ចំណេះដឹងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់ ដើម្បី ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមពីបញ្ហានេះ។ ៣-ហាមដាច់ខាតនូវការប្រើប្រាស់អាវយឺត ឬសម្ភារៈផ្សេងៗដែលមានបោះពុម្ពរូបភាព (Screen) ផេកកាស៊ីណូ អនឡាញ ឬការលើកទឹកចិត្តផ្សេងៗឱ្យលេងល្បែងស៊ីសងនៅក្នុងកម្មវិធីប្រគំតន្ត្រី និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗនៅរាជធានីភ្នំពេញ ។ ៤- គ្រប់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបកចេញជាបន្ទាន់នូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមាន រូបភាព ឬខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ ។ ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរព័ត៌មានរាជធានីភ្នំពេញ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ដែលមាន ទីតាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តសេចក្តីណែនាំ នេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print