ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង មួយគ្រឿង ផ្ទុកនាវិកសរុបចំនួនជិត ៣០០នាក់ បាន ចូល សំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ក្នុង ដំណើរ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ។
បើតាមលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ប្រាប់ឱ្យដឹងថា ៖ លោកបានដឹកនាំនាយនាវីជាច្រើនរូបទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ដឹកនាំ ដោយ លោកវរនាវីឯក CHOI JONG-SOO មេបញ្ជាការនាវា ដែលមាននាវិកសរុបចំនួនជិត ៣០០នាក់ (នាយនាវី ៣៦នាក់)។
សូមបញ្ជាក់ថា ៖ នាវា នេះ មានឈ្មោះ Wang Geon (DDH-978) បាន ចូល សំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ជាលើកដំបូង (ទី១) ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងរិតចំណងសាមគ្ដីភាពរវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ ។ លក្ខណៈបច្ចេកទេស គឺទម្ងន់ផ្ទុកជិត ៥.០០០តោន មានបណ្ដោយ ១៥០ម៉ែត្រ ទទឹងជាង ១៧ម៉ែត្រ ជម្រៅទឹកជាង ៧ម៉ែត្រ ល្បឿន ៣០Knots (35mph ឬ 56km/h)។
យោងតាមកម្មវិធីមានបន្ដបន្ទាប់ពីកិច្ចទទួលស្វាគមន៍ គឺលោកវរនាវីឯក CHOI JONG-SOO មេបញ្ជាការនាវា ដឹកនាំក្រុមនាវិកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយមេបញ្ជាការ មូលដ្ឋានសមុទ្ររាម នៅទីបញ្ជាការមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក និងធ្វើទស្សនកិច្ចនាវាកងទ័ពជើងទឹកភូមិន្ទកម្ពុជា, ជំនួបសម្ដែងការគួរសមជាមួយគណៈបញ្ជាការរដ្ឋបាលខេត្ដព្រះសីហនុ ពិភក្សាស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ, កងទ័ពជើងទឹកភូមិន្ទកម្ពុជា ឡើងលើនាវានាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ដើម្បីទទួលការណែនាំ សិក្សាស្វែងយល់ពីលក្ខណៈបច្ចេកទេសនាវាជាមួយកងទ័ពជើងទឹកកូរ៉េ និងកម្មវិធីពិសាអាហារសាមគ្គីលើនាវា, ហ្វឹកហាត់រួមលក្ខណៈបច្ចេកទេសនាវា ផ្លាល់ប្ដូរបទពិសោធន៍គ្នា កីឡា និងរៀបចំត្រៀមត្រឡប់ចេញទៅវិញ៕
ដោយ ៖ សិលា