ប្រទេសប្រេស៊ីល៖ អត្តពលិកកម្ពុជា កីឡាការិនី ហែមថុន វិទិនី បានប្រកួតរួចហើយសម្រាប់វិញ្ញាសាហែលទឹកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកដែលវិញ្ញាសានេះ មានការចូលរួមពីកីឡាការិនី៩២នាក់នៅអាងទឹក Barra Olympic Park ក្នុងទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកាលពីរាត្រីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៦ ។ ការប្រកួតនេះកីឡាកា រិនី ថែមថុន វិទិនី បានបំបែកកំណត់ត្រាចាស់ របស់ខ្លួនដោយហែលប្រើថិរវេលាតិចជាងមុន២៩.៣៧វិនាទីលើវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រដែលខុសប្លែកកាលពីព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងឡុងប្រទេសអង់គ្លេស ឆ្នាំ២០១២ វិទីនី ប្រើថិរវេលា៣០.៤៤ វិនាទី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥៧ក្នុងចំណោមអត្តពលិក៧៤នាក់។ កាលពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរី វិទិនីប្រើថិរវេលា ៣០.៦០វិនាទី ។ ការប្រកួតនៅទីក្រុងរីយ៉ូនេះ វិទិនី មិនបានឡើងទៅប្រកួតវគ្គបន្តទៀតនោះទេ ប៉ុន្តែ រូបនាងពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ។
កីឡាការិនីកម្ពុជា ហែមថុន វិទិនី ទទួល បានចំណាត់ថ្នាក់លេខ៤ក្នុងក្រុមដែលមានគ្នា៨នាក់ ឈរពីលើកីឡាការិនីតង់ហ្សានី Magdalena Moshi, កីឡាការិនីម៉ាឡាវី Ammara Pinto, កីឡាការិនីម៉ាយក្រូនេស៊ី Debra Baniel និងកីឡាការិនីសេណេហ្គាល់ Awa Ly Ndiaye ។ ការប្រកួតនេះស្ថិតនៅ ក្នុង Heat 4 មានកីឡាការិនីមកពីប្រទេសម៉ាយក្រូនេស៊ី ម៉ាឡាវី សេណេហ្គាល់ កោះ ម៉ាហ្សាល តង់ហ្សានី ម៉ុងហ្គោលី ប៉ាឡេ ស្ទ៊ីន និងកម្ពុជា ។
ដោយឡែកចំពោះលទ្ធផលជារួមប្រកួតលើវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រ កីឡា ការិនី ហែមថុន វិទិនី ទទួលបានចំណាត់ ថ្នាក់លេខ៦៦ក្នុងចំណោមកីឡាការិនី សរុប៩២នាក់ ហើយកីឡាការិនីកំពូលចំនួន១៦នាក់បានឈានបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រនេះកីឡាការិនីអាល្លឺម៉ង់ Britta Steffen គឺជាម្ចាស់កំណត់ត្រាពិភព លោក (World Record) ដែលធ្វើបាន សម្រេចក្នុងរយៈពេល ២៣.៧៣វិនាទីក្នុងព្រឹត្តិការណ៍ហែលទឹកពិភពលោកកាលពីឆ្នាំ២០០៩ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ ចំពោះកំណត់ត្រាអូឡាំពិក (Olympic Record) វិញកីឡាការិនីហុល្លង់ Ranomi Kromowidjojo បានប្រើថិរវេលា២៤.០៥ វិនាទីកាលពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១២ នៅទីក្រុងឡុង ប្រទេសអង់គ្លេស ៕
ដោយ៖ សារីម