វ៉ាស៊ីនតោន បានទាញសញ្ញាអាសន្នអំពីភាពសង្ស័យឃើញមានប្រើអាវុធគីមីកាន់តែច្រើនៗនៅស៊ីរី។ ប៉ុន្តែរដ្ឋបាលអាមេរិក មានការប្រុងប្រយ័ត្នខ្លាំងមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងប្រធានបទនេះទេ ហើយក៏បានបដិសេធមិនបញ្ជាក់ជាផ្លូវការឡើយ ចំពោះព័ត៌មានលេចឮជាច្រើនជុំវិញការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរីលើកនេះ។
របបដឹកនាំស៊ីរីត្រូវបានជាប់សង្ស័យជាថ្មីម្តងទៀតថា បានប្រើអាវុធគីមីប្រឆាំងនឹងជនស៊ីវិលនៅតំបន់អាឡិប ដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅរវាងកងទ័ពរដ្ឋាភិបាលក្រុងដាម៉ាស និងកងកម្លាំងបះបោរឧទ្ទាម។ ដំណឹងនេះបានបង្កបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ សហគមន៍អន្តរជាតិដោយផ្តើមដំបូងគេគឺអង្គការសហប្រជាជាតិបារាំង និងនៅថ្ងៃនេះសហរដ្ឋអាមេរិក។
អាមេរិកកំពុងសិក្សាត្រួតពិនិត្យព័ត៌មានខាងលើនេះ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស ដែលបញ្ជាក់អំពីការព្រួយបារម្ភរបស់អាមេរិកមិនចាញ់អង្គការសហប្រជាជាតិ និងបារាំងឡើយនៅពេលឮល្ហិចល្ហៀងថាមានការត្រលប់ទៅប្រើអាវុធគីមីនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៅស៊ីរី។
តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការស៊ីរី ក៏បានសម្តែងការប្រុងប្រយ័ត្នដែរ តែលោកបានអះអាងថា មានភស្តុតាងមួយចំនួនអាចបញ្ជាក់បាន និងដែលគ្រប់គ្នាត្រូវចាប់អារម្មណ៍ភ្លាម ព្រោះជាឧក្រិដ្ឋកម្មសង្គ្រាម។ ប្រមុខការទូតបារាំងវិញ បានបញ្ជូនសេចក្តីថ្លែងការណ៍ទៅអង្គការហាមឃាត់ការប្រើអាវុធគីមីថា មានតែរបបលោក អាសាដ ទេ ដែលមានអាវុធប្រភេទនេះ។
បើតាមសហភាពអង្គការសង្គ្រោះនិងព្យាបាលតុល្យការនៃជនរងគ្រោះដោយអាវុធគីមី ក្លរ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ១១ ខែសីហា បានឡើងដល់ទៅ ៧០នាក់របួស ក្នុងនោះ ៣៥នាក់ជាកុមារ ៣នាក់ស្លាប់ និងម្នាក់កំពុងតាមដាន។
រដ្ឋាភិបាលលោកអូបាម៉ា ជាមួយរុស្ស៊ី បានផ្តួចផ្តើមគំនិតចេញសេចក្តីសម្រេចចិត្តមួយអនុម័តដោយអង្គការសហប្រជាជាតិ នៅចុងឆ្នាំ២០១៣ គម្រោងរំសាយអាវុធគីមីរបស់ក្រុងដាម៉ាស។ ប្រសិនបើការសង្ស័យក្លាយជាការពិតមែន នោះមានន័យថា រដ្ឋាភិបាលរបស់លោក បាស្ហារ អាល់អាសាដ បានរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី