ខេត្តកណ្តាលៈ កម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវតាមចាប់ខ្លួនឃាតករដៃឆៅដែលបាញ់សម្លាប់ជនជាតិកូរ៉េនៅស្រុកកណ្តាលស្ទឹង ចាប់ខ្លួនបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ នៅក្បែរផ្សារសូរិយា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពីឃាតកម្មបាញ់បុរសម្នាក់ស្លាប់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់បានប្លុងរថយន្តចោល នៅតាមផ្លូវជាតិលេខ២ ទឹកដីស្រុកបាទី ខេត្តតាកែវ មុនពេលរត់គេចខ្លួនបាត់។
ជនសង្ស័យជាឃាតករដែលត្រូវកម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃ ប្រទេស ស្រាវជ្រាវតាមចាប់ខ្លួនឈ្មោះ ផុំ រដ្ឋា អាយុ៣៦ ឆ្នាំមានទីលំនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ។
យ៉ាងណាក៏ដោយ មន្រ្តីអាវុធហត្ថមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិត ពីដំណើរឿងនេះឡើយទេដោយស្ថិតនៅក្រោមការសាកសួរនៅឡើយ។ តែបើតាមការអះអាងពីមន្ត្រីម្នាក់បានបង្ហើបអោយដឹងថាមូលហេតុដែលនាំអោយជនដៃដល់ឈានដល់ការបាញ់សម្លាប់ជនរងគ្រោះគឺដោយសារជនល្មើសជំពាក់ប្រាក់ជនរងគ្រោះច្រើនពេកហើយជនរងគ្រោះនិងជនល្មើសរកសុីនាំទូរសព្ទ័ពីប្រទេសកូរេ៉មកលក់ស្រុកខ្មែរជាមួយគ្នា។
សូមបញ្ជាក់ថាជនរងគ្រោះដែលត្រូវឃាតកបាញ់ សម្លាប់នោះឈ្មោះ ជុង សឿង (Chun Seong) កើតនៅថៃ្ងទី១៥ ខែមីនា ឆ្នាំ១៩៥៨ ជាជនជាតិកូរ៉េ ។
នៅថៃ្ងកើតហេតុនោះដែរបើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ជនដៃដល់ក្រោយពីបាញ់សម្លាប់ជនរងគ្រោះបានបើករថយន្តចេញពីចំណុចកើតហេតុឆ្ពោះទៅខេត្តតាកែវ។ ស្របពេលនោះសមត្ថកិច្ចខេត្តកណ្តាលបានពម្លាតដែនសមត្ថកិច្ច ដើម្បីសហការជាមួយនឹងសមត្ថកិច្ចនគរបាលខេត្តតាកែវ បានរកឃើញរថយន្តមួយគ្រឿងម៉ាកគា ពណ៌លឿង ពាក់ស្លាក លេខភ្នំពេញ 2AK-7925 នៅភូមិសាស្រ្ត ស្រុកបាទី ខេត្តតាកែវដែលជនល្មើសផ្លុងចោល ៕
ដោយៈស្អាង ជ័យ