ភ្នំពេញ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៤២រូប នៅវិមាន៧មករា នារសៀល ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី គឹម សេដ្ឋានី តំណាងសិក្ខាកាមបានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញ នូវសេចក្តីគោរពដឹងគុណ ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត នូវចំណេះដឹងពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្សដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
លោកតាក ស៊ុនអ៊ី សមាជិកគណ:កម្មាធិការ និងជាប្រធានគណ:ឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេន និងបានកោតសសើរដល់សិក្ខាកាមទាំង ១៤២រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥ ទាំងអស់ ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធន៍ល្អ ៗពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្រ្តវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ន និងទៅអនាគត។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងបានអបអរសាទរវាយតម្លៃខ្ពស់ ចំពោះវគ្គសិក្សា និងថ្លែងអំណរគុណ កោតសសើរដល់ថ្នាក់ដឹកនាំគណ:ឃោសនាអប់រំគណបក្ស ក៏ដូចគណ:គ្រប់គ្រងវគ្គដែលបានខិតខំធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជាធនធានមនុស្សរបស់គណបក្ស យកទៅអនុវត្តបន្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងជោគជ័យក្នុងការបំពេញការងារ៕