អយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការស៊ើបអង្កេតបឋមក្នុងសំណុំរឿងព្រហ្មទណ្ឌលើឈ្មោះ ផាត់ ហ៊ន

ចែករំលែក៖

ខេត្តកំពង់ចាម : អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបថា ក្រោយពីឈ្មោះ ផាត់ ហ៊ន ហៅពូហ៊ន ដែលមានមុខរបរជាអ្នកសារព័ត៌មាន បានបន្តផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និងមានចរិតជាការជេរប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបញ្ហា វិវាទដីធ្លីរវាងឈ្មោះ ឆូយ ទ្រី និងឈ្មោះ លឹម សុធី ហៅ ធី នៅចំណុចភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម អ្នកនាំពាក្យមានភាពចាំបាច់ក្នុងការគូសបញ្ជាក់លើចំណាត់ការផ្នែកនីតិវិធីជូនសាធារណជនឱ្យ បានជ្រាបដូចខាងក្រោម៖

១-តំណាងអយ្យការបានធ្វើការកោះហៅឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ឱ្យចូលមកអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ដើម្បីធ្វើការស្តាប់ចម្លើយពាក់ព័ន្ធនឹងអង្គហេតុ ដែលជននេះបានផ្សព្វផ្សាយជាសាធារណៈ ភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្តីមិន សមរម្យ និងការប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការកោះហៅនេះ គឺជាដំណើរការនីតិវិធីធម្មតា ក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម ដើម្បីធ្វើការប្រមូលព័ត៌មាន និងពិនិត្យលើបទល្មើសដូច មានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

២-ឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន បានចូលមកបំភ្លឺតាមការកោះហៅ និងបានផ្តល់ចម្លើយសារភាពទទួល ស្គាល់នូវអង្គហេតុដូចខាងក្រោម៖

សារភាពសុំទោស និងសំដែងការសោកស្តាយចំពោះមុខតំណាងអយ្យការ ដែលខ្លួនបានប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និងបានប្រមាថក្នុងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខ្លួន កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទទួលស្គាល់ថាការផ្សព្វផ្សាយ និងការអត្ថាធិប្បាយរបស់ខ្លួន គឺមិនបានប្រមូលព័ត៌មានឱ្យបាន គ្រប់ជ្រុងជ្រោយពីសំណាក់ភាគីពាក់ព័ន្ធ ជាពិសេសមិនបានសាកសួរព័ត៌មានពាក់ព័ន្ធសំណុំរឿង ខាងលើពីអ្នកនាំពាក្យរបស់ស្ថាប័នតុលាការ ដែលបណ្តាលឱ្យការផ្សព្វផ្សាយ និងការអត្ថាធិប្បាយ របស់ខ្លួនមានភាពលម្អៀងនិងបង្កើតឱ្យមានការភាន់ច្រឡំលើចំណាត់ការដ៏ត្រឹមត្រូវរបស់តុលាការ ហើយឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន សូមទទួលខុសត្រូវចំពោះកំហុសនេះ។

ស្នើសុំការអធ្យាស្រ័យ អត់ឱន និងសម្រាលចំពោះកំហុសលើកដំបូងរបស់ខ្លួននេះ និងស្នើសុំធ្វើ ការកែតម្រូវព័ត៌មាន រួមទាំងសុំទោសជាសាធារណៈចំពោះស្ថាប័នតុលាការ។

៣-ក្រោយបញ្ចប់ការស្តាប់ចម្លើយ តំណាងអយ្យការបានអនុញ្ញាតឱ្យឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ត្រលប់ ទៅផ្ទះវិញជាធម្មតា។ ជាមួយគ្នានេះផងដែរ តាមចម្លើយសារភាពទទួលស្គាល់កំហុសរបស់ឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន និងភស្តុតាងផ្សេងទៀត តំណាងអយ្យការពិនិត្យឃើញថាមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែដើម្បីធានាភាពសុក្រឹត្យក្នុងដំណើរការនីតិវិធីបន្ត អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងធ្វើលិខិតស្នើសុំ ក្រសួងយុត្តិធម៌ ដើម្បីធ្វើការផ្ទេរសមត្ថកិច្ចលើសំណុំរឿងនេះដោយអនុលោមតាមច្បាប់ជាធរមាន។ សំណើសុំផ្ទេរ សមត្ថកិច្ចនេះមិនមែនជាករណីថ្មីនោះទេ ប៉ុន្តែវាជាការអនុវត្តដែលបានធ្វើកន្លងមករួចហើយក្នុងករណីដែលដំណើរ ការក្តីក្នុងតុលាការណាមួយមិនអាចធានាបាននូវការជឿទុកចិត្តលើតម្លាភាព និងភាពមិនលម្អៀងក្នុងចំណាត់ការ សំណុំរឿង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ហើយក៏សូមអំពាវនាវ ដល់អ្នកសារព័ត៌មានទាំងអស់ សូមប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយសូម អនុវត្តសកម្មភាពរបស់ខ្លួនក្នុងក្របខណ្ឌច្បាប់ដោយមិនត្រូវបំពានសិទ្ធិ សេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ អ្នកដទៃ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print