អ្នកគោរពប្រណិប័តន៍សាសនាគ្រិស្តតែងយកថ្ងៃទី២៥ខែធ្នូនៃឆ្នាំនីមួយៗដើម្បីរៀបចំពិធីបុណ្យChristmas រំលឹកដល់ព្រះយេស៊ូគ្រិស្ទប្រសូត ដែលពិធីនេះដំបូងគេធ្វើនៅឆ្នាំ៣៥៤នៃគ្រិស្តសករាជ តែគេមិនបានដឹងថាព្រះយេស៊ូប្រសូត្រនៅថ្ងៃណាខែណានោះទេ វៀរលើកលែងតែជនជាតិអាមិននៀទេ ដែលគេប្រារព្ធពិធីនេះនៅថ្ងៃទី៦ ខែមករា ដែលគេហៅថាថ្ងៃលាងបាបឲ្យព្រះយេស៊ូឯនោះវិញ។
តើបុណ្យChristmas មានដើមកំណើតពីណា?
តាមការស្រាវជ្រាវបានឲ្យដឹងថា Christmas មានពាក្យដើមមកពីភាសាអង់គ្លេសបុរាណថា Christes Maesse ឬ Christ’s Mass ដែលជាភាសាខ្មែរមានន័យថា «ពិធីអបអរសាទរការជួបជុំគ្នារវាងអ្នកគោរពសាសនាគ្រិស្ត»។
ការស្រាវជ្រាវនោះបញ្ជាក់ឲ្យដឹងថា កាលពីសតវត្សទី៤ គេកំណត់យកថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែធ្នូ ដើម្បីប្រារព្ធពិធីនេះ តែក្រោយមកវិហារសាសនាគ្រិស្ដទាំងអស់បានសម្រេចយកថ្ងៃទី២៥ ខែធ្នូវិញ។
ចំពោះជំនឿនេះត្រូវបានគេស្រាវជ្រាវឲ្យដឹងថា បុណ្យណូអែលជាថ្ងៃដែលប្រជាជនអាមេរិក និងអង់គ្លេសជឿថា ជាថ្ងៃដែលមនុស្សទាំងអស់ទទួលបានអំណោយពីលោកតាសាន់ក្លស (Santa Claus)។ នៅពេលដែលគេជួបជុំគ្នា គេតែងតែជូនអំណោយទៅគ្នា ច្រៀងចម្រៀង Christmasរួមគ្នា ប្រើពាក្យជូនពរទៅគ្នា និងពិសាអាហារប្រកបដោយភាពរីករាយជាមួយគ្នា។
នៅអាមេរិក និងអង់គ្លេស គេមានជំនឿថាការបួងសួងរបស់គេនឹងទៅដល់លោកតាសាន់ក្លស ដែលពេលដែលគេសរសេរសំបុណ្យហើយបោះចូលក្នុងភ្នក់ភ្លើង។ នៅប្រទេសអង់គ្លេសមានជំនឿដាច់ដោយឡែកមួយទៀតនៃការយកស្រោមជើងទៅព្យួរនៅក្រោមបបំពង់បង្ហុយផ្សែង ដើម្បីចាំទទួលកាក់មាសដែលលោកតាសាន់ក្លសទម្លាក់ឲ្យ។ ចំណែកឯការព្យួរស្លឹកឈើពណ៌បៃតង គឺដើម្បីលើកទឹកចិត្តដល់រដូវធ្លាក់ទឹកកក និងរំលឹកថារដូវផ្ការីកនិងជិតចូលមកដល់ហើយ របស់ប្រជាជនអង់គ្លេស។
ក្រៅពីប្រពៃណីទាំងអស់នេះក៏មានប្រពៃណីជាច្រើនទៀតទៅតាមតំបន់ និងប្រទេសដែលគោរពគ្រិស្ដសាសនា ដែលមានដូចជាការថើបគ្នានៅក្រោមដើមបញ្ញើក្អែក របស់ប្រទេសអាល្លឺម៉ង់ ការញ៉ាំបង្អែម Wassail ដែលមានន័យថា «សុខភាពល្អ» របស់ជនជាតិអង់គ្លេស និងការពិសាក្បាលជ្រូកព្រៃនៅក្នុងពិធីជប់លៀងថ្ងៃបុណ្យណូអែលដែលមានប្រភពពីប្រជាជន ដាណឺម៉ាក ស៊ុយអែត និងន័រវេស។
បុណ្យណូបែលបច្ចុប្បន្ននេះមិនត្រឹមតែប្រជាជនដែលគោរពសាសនាគ្រិស្ដទេដែលប្រារព្ធពិធីនេះ សូម្បីតែប្រទេសមួយចំនួនទៀតដែលមិនគោរពសាសនានេះក៏ចូលរួមប្រារព្ធដែរ ដោយគេយល់ថាការជូនកាដូ និងពិសាអាហារពេលល្ងាចជាមួយគ្នាក្នុង
ឱកាសននេះបង្កើតសាមគ្គីភាពល្អប្រសើរ៕