រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សមាជិកក្រុមប្រឹក្សាក្រុង សង្កាត់ និងប្រជាពលរដ្ឋ សិស្សនិសិត្ស លោកគ្រូ អ្នកគ្រូនិងអ្នកពាក់ព័ន្ធផ្សេងបានចូលរួមសរុបចំនួនជាង១ពាន់នាក់ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។

លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ នាថ្ងៃនេះគឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ដើម្បីប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យើងទាំងអស់គ្នាបានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកមកពិនិត្យពិចារណាក្នុងការឆ្លើយតប ព្រមទាំងដោះស្រាយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានដំណើរការពេញមួយព្រឹកទទួលបានលទ្ធផលយ៉ាងល្អ ពោរពេញដោយខ្លឹមសារ និងបញ្ជាក់បានថា សមាជិក សមាជិកា នៃអង្គវេទិកាបានយកអស់ស្មារតី និងបញ្ញាញាណ ក្នុងការស្តាប់ និងតាមដាន ចូលរួមបញ្ចេញមតិ សំណូមពរ និងសំណើរ ក្តីកង្វល់ផ្សេងៗជូនមកកាន់អង្គវេទិកាដោះស្រាយ។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៤ រៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងទទួលបានសំណូមពរ និងក្តីកង្វល់ពីប្រជាពលរដ្ឋ ចំនួន១២ករណី ក្នុងនោះអ្នកសួរផ្ទាល់មាន៧នាក់ មានសំណួរចំនួន០១ និង១១ សំណូមពរ ដោយបានឆ្លើយតប បកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរ ព្រមទាំងដោះស្រាយភ្លាមៗបានទាំងអស់ក្នុងអង្គវេទិកាដោយជោគជ័យ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print