សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់​ នាព្រឹកថ្ងៃទី២៦​ ធ្នូ​នេះ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូន​សិស្សថ្នាក់វិជ្ជា​ជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស​។

សូមជម្រាបជូនថា​ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស ដែល​ទទួល​សញ្ញាបត្រនាព្រឹកថ្ងៃនេះ មានចំនួនសរុប ១,១៥៧អង្គ/នាក់ មាននារី ៦៩១នាក់ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ និងឆ្នាំ​សិក្សា២០២២-២០២៣ កន្លងមកនេះ។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ និង​សម្ដេច​កិត្ដិព្រឹទ្ធបណ្ឌិតចំនួន ១៩នាក់ នារី ១៤នាក់ផងដែរ។

សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានអប់រំឯកជនមួយ ដែល​បាន​បំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធាន មនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់​កម្រិត ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោល​នយោបាយ​របស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីនយោបាយ​របស់រាជ​រដ្ឋាភិ​បាល។ ជានិច្ចកាលសាកលវិទ្យាល័យ បានផ្តល់អាទិភាពលើការអភិវឌ្ឍ​ធន​ធាន​មនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅ​អភិ​វឌ្ឍន៍​ប្រកបដោយចីរភាព និងទស្សនវិស័យ អភិវឌ្ឍន៍កម្ពុជាទៅជាប្រទេស​មាន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ក៏ដូចជាទស្សនវិស័យ កម្ពុជាឆ្នាំ២០៥០។

សាកលវិទ្យាល័យធនធានមនុស្សបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈ​គ្រប់​កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ ទីផ្សារការងារ និងយុគ្គសម័យឌីជីថល។ ជាមួយគ្នានេះ ដើម្បីធានាដល់ការ​អនុវត្ត​យន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅ​អភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ទាំងផ្នែក​ទន់ និងផ្នែករឹង ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់​គ្រង​ដំណើរការបណ្តុះបណ្តាល និងបច្ចេកទេស សិក្សា អភិវឌ្ឍកម្មវិធីសិក្សា​ស្រប​តាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ ផ្ទៃក្នុង ឱ្យស្របតាមស្តង់ដាគុណភាពអប់រំដែលបានកំណត់។

ការខិតខំប្រឹងប្រែងកំណែទម្រង់ និងអភិវឌ្ឍគុណភាពបណ្តុះបណ្តាលប្រកប​ដោយឆន្ទៈ ស្មារតីទទួលខុសត្រូវ និងឆ្លងកាត់បទពិសោធ ២៦ឆ្នាំ​កន្លងមក សាកលវិទ្យាល័យបានអភិវឌ្ឍខ្លួន ពីអង្គការវិទ្យាស្ថានអភិវឌ្ឍន៍​ធនធាន​មនុស្ស ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៨ និងសម្រេចបានសមិទ្ធផលយ៉ាង​ធំធេងជាបន្តបន្ទាប់គួរជាទីមោទនៈ ជាពិសេសទទួលបានការទទួល​ស្គាល់​គុណភាពអប់រំ ពេញសិទ្ធ ពីគណៈកម្មាធិការទទួលស្គាល់​គុណភាព​អប់រំ​នៃកម្ពុជា។

បច្ចុប្បន្នសាកលវិទ្យាល័យធនធានមនុស្ស មានក្រុមប្រឹក្សាភិបាល គណៈ​គ្រប់​គ្រង បុគ្គលិក និងសាស្ត្រាចារ្យ ចំនួន ៤២៩នាក់ នារី ១៣៥នាក់ សិស្សថ្នាក់​វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សា ចំនួន ៣,៤៥២នាក់ នារី ១,៩៧៥នាក់។

ចំពោះ​លទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា១៩៩៨-១៩៩៩ មក​ដល់ឆ្នាំសិក្សា២០២២-២០២៣កន្លងមកនេះ សិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិត​គ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ៤២,៤៩៨នាក់ នារី ១៥,០៦០នាក់ ក្នុងនោះគិតទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យ​លាភី ដែលត្រូវទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនាឱកាសនេះផងដែរ។

...

យោងតាមលទ្ធផលស្ទង់មតិបានបង្ហាញថា សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ជ័យលាភីដែលបានបញ្ចប់ការសិក្សា អ្នកមានការងារធ្វើស្មើនឹង ៩២,៤៨ភាគរយ ក្នុងនោះថ្នាក់វិជ្ជាជីវៈស្មើ ៩០ភាគរយ ថ្នាក់បរិញ្ញាបត្ររងស្មើ ៩១,៣០ភាគរយ ថ្នាក់បរិញ្ញាបត្រស្មើ ៩៣,០៣ភាគរយ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្មើ៩៧,៧៣ភាគរយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print