ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេល ៣១ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១-៣១ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសសរុបចំនួន ៩,៩០០គ្រឿង, ខណៈរថយន្តធំ ១៣០គ្រឿង, រថយន្តតូច ៣,២២៣គ្រឿង និងម៉ូតូ ៦,៥៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក ។ ក្នុងនោះយានយន្តចូលគោលដៅចំនួន ១៣,១១៧គ្រឿង, រថយន្តធំ ២០៧គ្រឿង, រថយន្តតូច ៤,៦៧៥គ្រឿង, ម៉ូតូ ៨,២៣៥គ្រឿង ។
ជាមួយគ្នានេះ របាយការណ៍ដដែលក៏បានបង្ហាញការអនុវត្តច្បាប់ចរាចរណ៍ប្រចាំថ្ងៃ ខណៈនៅថ្ងៃទី៣១ ខែធ្នូនេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ១៧៦គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ២១៦គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៦៤គ្រឿង និងម៉ូតូ ១៤៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៧៦គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៥៥គ្រឿង និងម៉ូតូ ១២០គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ ដោយ៖តារា