ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្តឹងចំនួន ៥២០ ក្នុងនោះពាក្យប្ដឹងអានាមិកមាន ១៤១ ពាក្យប្ដឹងចំនួន ១៣២ មិនពាក់ព័ន្ធអំពើពុក រលួយពាក្យប្ដឹងចំនួន ១៨៥ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ។
នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ បានបើកកិច្ចប្រជុំលើកទី៤២ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក តុប សំ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤១ អាណត្តិទី៣ 2- ឆ្លងនិងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២៤ នៃការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់គោរព ជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី 3- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 4- បញ្ហាផ្សេងៗ។
អំពីរបាយការណ៍របស់កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. បានឲ្យដឹងថា គិតទាំងការប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមរបប២ឆ្នាំ អង្គភាពបានទទួល (១៧.៦៦៩រូប) តែងតាំងថ្មី (១៣.៤០៤រូប) លាលែង ចប់អាណត្តិ (២.២២៣រូប) បញ្ឈប់ពីមុខតំណែង (៣២រូប) ចូលនិវត្តន៍ (១.០៤២ រូប)…អ្នកបានមកប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងឆ្នាំ២០២៤ មានចំនួន (១២.២៥៨រូប)។
ដោយឡែកក្នុងខែនេះមាន មន្ត្រីចំនួន ១៣៧រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះ មន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន៨១រូប ដោយឡែកមន្ត្រីម៥៦រូបទៀតបានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុ តម្រូវការនៃការស៊ើបអង្កេត បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។
ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងថា ពាក្យប្តឹងទទួលបានក្នុងឆ្នាំនេះ បានទទួល ៥២០ ពាក្យប្តឹងក្នុងនោះពាក្យប្ដឹងអានាមិកមាន ១៤១ (២៧,១២%), ពាក្យប្ដឹងចំនួន ១៣២ មិនពាក់ព័ន្ធអំពើពុករលួយ , ពាក្យប្ដឹងចំនួន ១៨៥ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ។
អន្តរាគមន៍ឲ្យជួយដោះស្រាយ ៧ពាក្យប្ដឹង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៤សំណុំរឿង, កំពុងបន្តនីតិវិធីស្រាវជ្រាវ ១៦១ ពាក្យប្ដឹងរក្សាទុកតាមដាន ២០ ពាក្យប្ដឹង អ.ប.ព. ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៤៥ពាក្យប្ដឹងផងដែរ ។
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. បានអញ្ជើញផ្តល់បទ ឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលពិសេសកម្រិតខ្ពស់ លើប្រធានបទ ០៣ ស្តីពី ” (១)ច្បាប់និងការងារស៊ើបអង្កេត (២) ព័ត៌មានចារកម្ម (៣)ការសិក្សាពីករណីជាក់ស្តែងនៃប្រតិបត្តិការ” ជូនដល់មន្ត្រី អ.ប.ព. ចំនួន ១០០ នាក់ និងមន្ត្រីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារចំនួន ២០នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈ ពេល០៣ថ្ងៃ (២៣-២៥ ខែធ្នូ ឆ្នាំ២០២៤) នឹងបានប្រព្រឹត្តិធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ។
ត្រួតពិនិត្យការខុសឆ្គងនៃវិន័យមន្ត្រី អ.ប.ព. ០៦រូប
ត្រួតពិនិត្យ និងឲ្យធ្វើកិច្ចសន្យាកែប្រែកំហុស ០៣រូប
ចាប់ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចំនួន ០១រូប។
ក្រៅពីកិច្ចប្រជុំជាប្រចាំជាមួយស្ថាប័នប្រឆាំងអំពើពុក រលួយ អាស៊ាន និងទ្វេភាគីក្នុងអាស៊ាន (ដូចជា កិច្ចប្រជុំ កម្ពុជា ថៃ,ឡាវ, កម្ពុជា ចិន…)អបពបានចូលរួមកិច្ចប្រជុំ អន្តរជាតិ សិក្ខាសាលា សន្និសីទសរុប ២៩លើក៕