ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពចាប់ញាត់ចូលរថយន្តកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខការ៉ាស់រថយន្ត ផ្ទះលេខ៨បេ ក្រុម២៧ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះកំពុងផឹកកាហ្វេ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមុនធ្វើសកម្មភាពបានជិះរថយន្ត១គ្រឿង ជាមួយតៃកុងរថយន្តរបស់ខ្លួន បានចូលមកភ្ជង់កាំភ្លើងគ្រៀកចូលរថយន្ត និងស្រែកជជែកវែកញែកសម្លុតថា ជនរងគ្រោះបានជំពាក់ប្រាក់១ម៉ឺន៥ពាន់ដុល្លារ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង សេរីស ភេទប្រុស អាយុ៣៨ឆ្នាំ ជាថៅកែលក់ប្រហិតត្រី ស្នាក់នៅក្នុងភូមិស្វាយរលំ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែក ជនសង្ស័យ មានឈ្មោះ ថោង បូណា ដែលត្រូវជាប្អូនបង្កើតរបស់ជនជាប់ចោទថោង សារ៉ាត ជាថៅកែប្រហិត៩៩៩ ស្នាក់នៅផ្ទះលេខ៩បេ ផ្លូវ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ រីឯអ្នកបើកបររថយន្តឲ្យជនសង្ស័យ រួមគ្នាធ្វើសកម្មភាពជាមួយថោង បូណា នោះ មានឈ្មោះ ឡឹក វ័ន អាយុ៣៤ឆ្នាំ ស្នាក់នៅបុរី៩៩៩ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
រថយន្តដែលជនសង្ស័យធ្វើជាមធ្យោបាយសកម្មភាពចាប់ជនរងគ្រោះញាត់ចូលរថយន្ត ម៉ាកឡិចស៊ី RX 350 ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ០០៨៨ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីខាងលើនេះ សង្ស័យជារឿងជំពាក់លុយលើការរកស៊ី ហើយជនសង្ស័យបានប្រើអំណាចច្បាប់ព្រៃគំរាមកំហែងសម្លុត និងដកកាំភ្លើងភ្ជង់ ចាប់ញាត់ចូលរថយន្តដើម្បីបង្ខំឲ្យសងប្រាក់ ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា សកម្មភាពបែបនេះ គឺជាអំពើបំពានច្បាប់ ដែលជនសង្ស័យធ្វើសកម្មភាពក្នុងបទល្មើសជាក់ស្តែង ចាប់បង្ខំមនុស្សទាំងបំពាន ។
គួរបញ្ជាក់ថា កន្លងទៅក្រុមគ្រួសារលោកថោង សារ៉ាត ជាពិសេសបុគ្គល ថោង សារ៉ាត នេះតែម្តង មុនពេលជាប់ឃុំឃាំង តែងតែបង្កបញ្ហាក្នុងសង្គម បាញ់បោះសេរី អាងអំណាចគៀបសង្កត់ទៅលើប្រជាពលរដ្ឋ សម្លុតគំរាមកំហែងរំលោភយកដីវត្តរបស់ព្រះសង្ឃ ហើយថ្មីៗនេះ ជាមេខ្លោងផ្តើមគំនើតក្នុងអំពើឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ឥឡូវប្អូនប្រុសជនជាប់ចោទថោង សារ៉ាត់ ឈ្មោះ ថោង បូណា បានប្រើច្បាប់ព្រៃភ្ជង់សម្លុតជនរងគ្រោះ គ្រាន់តែរឿងជំពាក់ប្រាក់ខ្លួនដើរតួនាទីជាសមត្ថកិច្ច ជាតុលាការ ជាជនល្មើស ចាប់មនុស្សធ្វើមើលប្រទេសគ្មានច្បាប់ ។ ដូច្នេះ សកម្មភាពនៃបទល្មើសជាក់ស្តែងខាងលើនេះ គួរតែសមត្ថកិច្ចចាត់វិធានការទៅលើជនប្រភេទនេះដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ៕