ខេត្តព្រៃវែង ៖ យុវតី២នាក់ (ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ) បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវត្រូវរថយន្ដសណ្ដោងម៉ាក HYUNDAI បើកបុកពីក្រោយកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចំនុចរង្វង់មូលស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ ឡុង អ៊ូក អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិព្រៃខ្លា២. ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវតីរងគ្រោះទាំង២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលខបន្ទាយមានជ័យ1Y-1510 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនមធ្យម ស្របពេលនោះក៏មានរថយន្តធុនធំប្រភេទរថយន្តសណ្តោងម៉ាកHYUNDAI ពណ៌ស. ពាក់ផ្លាកលេខត្បូងឃ្មុំ3A-1812 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាបានបុកពីក្រោយម៉ូតូយុវតីរងគ្រោះទាំង២នាក់ដែលកំពុងជិះឌុបគ្នាដោយកិនទៅលើយុវតីម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ភ្លាមៗនោះក៏មានរថយន្ដសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។
ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធី។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពយុវតីខាងលើសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏បានប្រគល់សពអោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ដោយ ៖ ភារ៉ា ដង្កោ