រយៈពេល ១ឆ្នាំ​២០២៤! ក្រសួង​យុត្តិធម៌​ ធ្វើការសម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្ត ចំនួន ១៧៦រូប ដើម្បីជួយការពារក្តីដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំមកយុទ្ធនាការ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​យុត្តិធម៌​ នៅល្ងាចថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានប្រកាសដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

ក្រសួង​យុត្តិធម៌​ បានគូសបញ្ជាក់ថា​ ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានធ្វើការសម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្ត ដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ១៧៦ រូប ដើម្បីជួយការពារក្តីដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំមកយុទ្ធនាការ។

ជាមួយគ្នានោះ​ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈតេឡេក្រាម (Telegram) ឃូលអេប (CoolApp) និងលេខទូរស័ព្ទ 099 444 181៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print