ក្រុមអធិរាជស Real Madrid ត្រូវការពេលវេលាក្នុងម៉ោងបន្ថែមទើបអាចយកឈ្នះក្រុមភ្ញៀវ Celta Vigo បាន ដោយលទ្ធផល ៥ទល់២ និងបានកក់កៅអីក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មករានេះ។
ជាមួយនឹងការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ២-២ បន្ទាប់ពីប្រកួត៩០នាទីក្នុងម៉ោងធម្មតា កីឡាករសញ្ជាតិប្រេស៊ីល Endrick រកបាន២គ្រាប់ក្នុងម៉ោងបន្ថែមនៅតង់ទី២ដើម្បីបញ្ជូនក្រុមរបស់លោក Carlo Ancelotti នាំមុខក្រុម Celta Vigo ។
Real Madrid បាននាំមុខ ២-០ ទៅហើយ ប៉ុន្តែ Celta Vigo បានរកគ្រាប់បាល់តាមពីក្រោយវិញ ២ទល់២ តាមស្មើនៅចុងម៉ោង។ ២គ្រាប់របស់ Real ដែលបាននាំមុខនោះ គឺគ្រាប់បាល់បញ្ចូលទីពី Kylian Mbappe និង Vinicius Jr នៅនាទីទី៣៧ និងនាទីទី៤៨។
ប៉ុន្តែការនាំមុខនេះបានបញ្ចប់នៅពេលដែល Jonathan Bamba រកបានមួយគ្រាប់មកវិញសម្រាប់ក្រុមភ្ញៀវនៅនាទី៨៣។ ក្រុមរបស់លោក Claudio Giraldez បានតាមស្មើនៅពេលដែលអតីតខ្សែការពារ Marcos Alonso របស់ Chelsea រកបាននៅនាទីទី៩១ពីការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីកីឡាករ Real បានបង្កកំហុសលើ Bamba ក្នុងតំបន់គ្រោះថ្នាក់។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករបម្រុង Endrick ចូលលេងរហូតដល់ជួយ Real វាយបកវិញក្នុងម៉ោងបន្ថែម ដោយរកបាន១គ្រាប់នៅនាទីទី១០៨ និងកីឡាករ Valverde រកបាន១គ្រាប់ដែរនៅនាទីទី១១២ ធ្វើឲ្យលទ្ធផលប្រែប្រួល ៤ទល់២។ គ្រាប់បាល់ទី៥នៃការប្រកួតនិងជាគ្រាប់បាល់ទី២របស់ Endrick នៅនាទីទី១១៩ ធ្វើឲ្យកីឡាករវ័យ១៨ឆ្នាំរូបនេះបានផ្សាភ្ជាប់ភាពជោគជ័យនៅឯ Santiago Bernabeu។
សម្រាប់លទ្ធផលគូផ្សេងទៀតគឺក្រុមម្ចាស់ជើងឯក Spanish Cup Athletic Bilbao បានខកចិត្តដោយបរាជ័យក្នុងលទ្ធផល ៣-២ ដោយក្រុម Osasuna។
កីឡាករ Ante Budimir បានស៊ុតបញ្ចូលទីឱ្យក្រុមភ្ញៀវ Osasuna ២គ្រាប់ម្នាក់ឯង គឺ១គ្រាប់នៅតង់ទី១ និង១គ្រាប់ទៀតនៅតង់ទី២ ក្រោយពេល Aimar Oroz រកបានគ្រាប់បាល់បើកឆាក។ ចំណែក២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Nico Williams និង Oscar de Marcos នៅនាទីទី៤៥+៣ និងនាទីទី៥៥។
ចំណែកក្រុម Real Sociedad ក៏បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយដែរ ក្រោយឈ្នះ Rayo Vallecano ៣-១។ ការចាប់ឆ្នោតសម្រាប់វគ្គ១/៤ផ្តាច់ព្រ័ត្រ ឬវគ្គ៨ក្រុម នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២០ ខែមករាខាងមុខ ដែលមានក្រុមដែលត្រូវប្រជែងគ្នាក្នុងវគ្គនេះគឺ Barcelona, Atletico Madrid, Valencia, Leganes, Getafe, Real Madrid, Osasuna និង Real Sociedad ៕ (រូបភាព ៖ BBC)