រឿង ឈ្លើយសឹក (ត)

ចែករំលែក៖

នៅក្នុងរដូវវស្សាឆ្នាំ ១៩៧៦ ប្រជាជននៅភូមិស្រែត្រែងអត់ឃ្លានរឹតតែខ្លាំងទៅៗ។ ម្ដាយរបស់ខ្ញុំបានបាក់កម្លាំង និងសុខភាពធ្លាក់ដុនដាបយ៉ាប់យ៉ឺនឡើងៗ។ គាត់មានរាងស្គាំងស្គមខ្លាំងណាស់។ ថ្ងៃមួយពេលដែលម្ដាយ និងប្អូនស្រីទី ៥ របស់ខ្ញុំកំពុងតែដើរទៅចម្ការដើម្បីរកបន្លែយកមកលាយបបរហូប គាត់បានដួលទាំងជំហរផ្កាប់មុខទៅលើដីនៅពាក់កណ្ដាលផ្លូវក្រោកលែងរួចតែម្ដង។ ចំណែកប្អូនស្រីរបស់ខ្ញុំ។ដែលមានអាយុទើបតែ ៩ ឆ្នាំនោះពុំអាចជួយម្ដាយរបស់ខ្ញុំបានឡើយ។ វាបានរត់មកហៅគេឯងឲ្យជួយម្ដាយរបស់ខ្ញុំភ្លាម។ វាក៏បានជួបជាមួយបុរសពីរនាក់នៅតាមផ្លូវ។ បុរសទាំងពីរនោះក៏បានមកជួយយកម្ដាយរបស់ខ្ញុំ ហើយនាំគ្នាជួយគ្រាហ៍រហូតមកដល់ផ្ទះវិញ។ ចាប់ពីពេលនោះមកម្ដាយរបស់ខ្ញុំធ្លាក់ខ្លួនឈឺគ្រុនក្តៅយ៉ាងខ្លាំង។ ឪពុករបស់ខ្ញុំបានប្រញាប់ប្រញាល់ទៅរាយការណ៍ជូនប្រធានសហករណ៍ ហើយបានស្នើសុំឲ្យជួយបញ្ជូនម្ដាយរបស់ខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យឃុំ។ប្រធានសហករណ៍បានឯកភាពយល់ព្រមតាមសំណើឪពុករបស់ខ្ញុំ ប៉ុន្តែប្រធានសហករណ៍នោះបានប្រាប់ឪពុករបស់ខ្ញុំថា ឲ្យរង់ចាំសិន ព្រោះរទេះគោកំពុងជាប់រវល់ការងារសមូហភាព។ យើងបានរង់ចាំអស់រយៈពេលមួយថ្ងៃមួយយប់គ្មានរទេះគោណាមកដឹកម្ដាយរបស់ខ្ញុំសោះ។ឪពុករបស់ខ្ញុំរត់ទៅជួបប្រធានសហករណ៍ម្ដងទៀត។ ឪពុករបស់ខ្ញុំបាននិយាយរៀបរាប់ប្រាប់ប្រធានសហករ​ណ៍ទើបតែពុំទាន់ចប់ប្រយោគផង ក៏ត្រូវប្រធានសហករណ៍នោះស្ដីបន្ទោសឱ្យយ៉ាងគំរោះគំរើយខ្លាំងៗដាក់គាត់វិញថា ករណីប្រពន្ធរបស់មិត្តឯងឈឺគឺជារឿងបុគ្គល អង្គការមិនដោះស្រាយរឿងបុគ្គលទៅតាមទំនើងចិត្តរបស់មិត្តឯងបានទេ ព្រោះការងារសមូហភាពសំខាន់ណាស់។ ឪពុករបស់ខ្ញុំក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញភ្លាម។ គាត់បានទ្រាំរង់ចាំរទេះគោបន្តទៅទៀតរហូតដល់ពេលរសៀល។ ដោយសង្កេតឃើញស្ថានភាពជំងឺម្ដាយរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅៗឪពុករបស់ខ្ញុំក៏រត់ទៅជួបប្រធានសហករណ៍ម្តងទៀតហើយបាននិយាយអង្វរករថា ” ប្រសិនបើរទេះគោរបស់សហករណ៍នៅតែជាប់រវល់ទៀត តើខ្ញុំអាចស្នើកម្លាំងពីអង្គការតែម្នាក់ដើម្បីឲ្យជួយជាកម្លាំងសែងយកប្រពន្ធរបស់ខ្ញុំទៅកាន់មន្ទីរពេទ្យបានទេ ព្រោះប្រពន្ធរបស់ខ្ញុំមានសុខភាពកាន់តែមិនស្រួលខ្លាំងឡើងហើយ។ ឮដូច្នេះប្រធានសហករណ៍បានប្រាប់ឲ្យឪពុករបស់ខ្ញុំត្រឡប់ទៅរៀបចំខ្លួនទៅដើម្បីគេឲ្យរទេះគោទៅដឹកម្ដាយរបស់ខ្ញុំ។ ឮដូច្នេះឪពុកខ្ញុំសប្បាយចិត្តណាស់ ក៏ត្រឡប់មកផ្ទះរៀបចំខ្លួនចាំរទេះគោទាំងអន្ទះសា។

យើងចាំរហូតដល់ល្ងាចព្រះអាទិត្យស្ទើរតែលិចបាត់ទៅហើយ ទើបឃើញរទេះគោបរមកដល់។ ពេលនោះអង្គការមិនឲ្យឪពុករបស់ខ្ញុំទៅជាមួយម្ដាយរបស់ខ្ញុំទេ ដោយបានបញ្ជាក់ថាមិត្តឯងអត់ទៅណាបានទេ ព្រោះប្រពន្ធកូនរបស់មិត្តឯងឈឺទាំងអស់គ្នា អត់មានអ្នកណាធ្វើការក្រៅពីមិត្តឯងទេ ដូច្នេះហើយមិត្តឯងត្រូវតែនៅដើម្បីទទួលខុសត្រូវជូនអង្គការ។ ដោយបារម្ភពីស្ថានភាពជំងឺរបស់ប្រពន្ធកូនខ្លាំងពេក ឪពុករបស់ខ្ញុំបានស្នើសុំគេទៀតថា ខ្ញុំនឹងវិលត្រឡប់មកកាន់ភូមិវិញភ្លាម នៅពេលដែលខ្ញុំជូនអ្នកជំងឺដល់មន្ទីរពេទ្យឃុំរួចរាល់។ ប៉ុន្តែអង្គការបានបដិសេធទាំងស្រុងចំពោះពាក្យអង្វរកររបស់ឪពុកខ្ញុំ។ ឪពុករបស់ខ្ញុំទុកចិត្តលែងបានក៏បាននិយាយចចេសតវ៉ាជាមួយអង្គការដោយឥតខ្លាចក្រែងថែមទៀតថា ប្រពន្ធរបស់ខ្ញុំឈឺធ្ងន់យ៉ាងនេះហើយ ខ្ញុំត្រូវតែទៅ ទោះបីជាអង្គការស្ដីបន្ទោសខ្ញុំយ៉ាងណាក៏ខ្ញុំសុខចិត្តទទួលដែរ។ ឮសំដីឪពុករបស់ខ្ញុំនិយាយយ៉ាងដូច្នេះប្រធានសហករណ៍មានការខឹងក្រេវក្រោធយ៉ាងខ្លាំង ហើយបានស្រែកគំរាមឲ្យឪពុករបស់ខ្ញុំថា គេនឹងរាយការណ៍ភ្លាមទៅកងសន្តិសុខ ដើម្បីឲ្យមកយកឪពុករបស់ខ្ញុំទៅកម្ទេចចោលភ្លាមៗ។ ពេលនោះក្មួយប្រសាឪពុករបស់ខ្ញុំឈ្មោះសោរ បានខិតខំនិយាយអង្វរជំនួសឪពុករបស់ខ្ញុំយ៉ាងយូរ ទើបគេសុខចិត្តលើកលែងឱ្យ។ ចំណែកម្ដាយនិងកូនៗត្រូវបានរទេះគោដឹកយកទៅកាន់មន្ទីរពេទ្យនៅពេលព្រលប់នោះទៅ។
នៅតាមផ្លូវចេញពីភូមិបានចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រភ្លៀងក៏បានបង្អុរធ្លាក់មកជាប់រហូត ធ្វើឲ្យអ្នកដំណើរទាំងអស់ទទឹកខ្លួនជោគគ្រប់ៗគ្នា។ លុះធ្វើដំណើរបានទៅដល់ជិតមន្ទីរពេទ្យឃុំទើបអ្នកបរទេសគោដឹងថាម្ដាយរបស់ខ្ញុំបានស្លាប់បាត់ទៅហើយ។ លុះស្អែកឡើងដំណឹងមរណភាពម្ដាយរបស់ខ្ញុំក៏បានលេចឮពាសពេញភូមិ។ ឪពុករបស់ខ្ញុំមានការអាណិតអាសូរប្រពន្ធពន់ពេក។រហូតដល់ល្ងាចចប់ម៉ោងការងារទើបគាត់ហ៊ានទៅជួបអង្គការដើម្បីសុំច្បាប់ចំនួនមួយថ្ងៃទៅមើលពួកកូនៗដែលនៅមន្ទីរពេទ្យ។ ប្រធានសហករណ៍បានបដិសេធពុំយល់ព្រមឲ្យឪពុករបស់ខ្ញុំទៅទេ។ប្រធានសហករណ៍ថែមទាំងបានណែនាំបំពាក់បំប៉នសតិអារម្មណ៍ដល់ឪពុករបស់ខ្ញុំយ៉ាងច្រើនដើម្បីឲ្យគាត់មានការជ្រះស្រឡះ និងខិតខំកសាងខ្លួនថែមទៀតសម្រាប់ពង្រឹងគោលជំហរ និងសតិអារម្មណ៍បដិវត្តន៍ឲ្យបានល្អ កុំឲ្យទន់ជ្រាយដែលនាំឲ្យប៉ះពាល់ដល់មាគ៌ាមហាលោតផ្លោះរបស់អង្គការ និងភាពអសកម្មដល់ការងារសមូហភាព។ ប៉ុន្តែ ពេលនោះឪពុករបស់ខ្ញុំនៅតែខំទទូចអង្វរករដោយនិយាយច្បាស់ថា ខ្ញុំសុំច្បាប់នេះបំណងសំខាន់បំផុតគឺទៅមើលកូនស្រីពៅរបស់ខ្ញុំដែលគ្មានអ្វីបៅ ព្រោះម្ដាយបានស្លាប់បាត់ទៅហើយ។ ពេលនោះអង្គការក៏យល់ព្រមឲ្យច្បាប់គាត់ឈប់មួយថ្ងៃ ប៉ុន្តែអង្គការបានបង្ខំគាត់ឱ្យគាស់ដីចំនួនមួយឡូជូនអង្គការជាមុនសិន ទើបអនុញ្ញាតឲ្យទៅ។ ប្រធានសហករណ៍បានបញ្ជាក់ថា ធ្វើដីនេះរួចថ្ងៃណាទៅថ្ងៃនោះចុះ។

...

ឪពុករបស់ខ្ញុំបានខំប្រឹងគាស់ដីទាំងយប់ ទាំងថ្ងៃមិនហ៊ានឈប់សម្រាកដេកពួនទេ ដើម្បីឲ្យបានជួបមុខកូនឆាប់ៗ។ ពីរថ្ងៃក្រោយមកទៀត ទើបគាត់ធ្វើដីនោះរួច ហើយបានទៅជួបកូនដូចបំណង។ ប៉ុន្តែនៅពេលនោះកូនស្រីពៅរបស់គាត់ត្រូវបានអ្នកស្រុកសុំយកទៅចិញ្ចឹមបាត់ហើយមុនពេលគាត់មកដល់មន្ទីរពេទ្យពីរថ្ងៃ។ ឪពុករបស់ខ្ញុំមិនបានសោកសៅអ្វីនោះទេថែមទាំងបានសរសើរប្អូនទី ៤របស់ខ្ញុំយ៉ាងខ្លាំងដែលចេះដោះស្រាយបញ្ហា ហ៊ានឲ្យប្អូនស្រីពៅទៅគេ ដើម្បីឲ្យប្អូនរស់។ ឪពុករបស់ខ្ញុំត្រេកអរដែរ ដែលដឹងថាអ្នកសុំនោះគឺជាប្រជាជនមូលដ្ឋាន។ ដូច្នេះគាត់មានសង្ឃឹមថា កូនស្រីពៅរបស់គាត់អាចរស់រានមានជីវិត ហើយអាចបានសុខសប្បាយជារៀងរហូតពុំលំបាកវេទនាអត់ឃ្លានដូចជាពួកគាត់ឡើយ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print