ពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រផលិតស្រោមដៃ របស់ក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាកិត្តិយសចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការរបស់ក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោកស្រី Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ, លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, លោក Anton Martin Magnusson ប្រធានក្រុមហ៊ុន HESTRA (CAMBODIA) Co., Ltd.  ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

មានមតិក្នុងពិធីនេះ លោកអគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលបានសម្រេចចិត្តមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលកន្លងមកក្រុមហ៊ុនធ្លាប់តែមានវត្តមាននៅប្រទេសចិន ហុងគ្រី និងវៀតណាម។ HESTRA គឺជាក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៣៦។ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលនេះ ដែលនឹងមិនត្រឹមតែចូលរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសការងារជូនបងប្អូនកម្មករនិយោជិតក្នុងស្រុកទៀតផង។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទី១របស់ប្រទេសស៊ុយអែត ដែលបានមកបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតស្រោមដៃនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ លោកអគ្គលេខាធិការមានការជឿជាក់ថានឹងមានក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតផ្សេងទៀតមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការក៏បានលើកឡើងពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និងការបន្តដាក់ចេញនូវ វិធានការគោលនយោបាយ និងការគាំទ្រនានាដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជា ជាមួយនឹងការបន្តខិតខំប្រឹងប្រែងកសាងហេដ្ឋរចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, ព្រែកជីកប្រវត្តិសាស្ត្រហ្វូណនតេជោ,  អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាដើម សម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print