ភ្នំពេញ ៖ ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គឹមយ៉ា នៅទីក្រុងបាងកក ផ្អែកតាមការបញ្ជាក់របស់សមត្ថកិច្ចថៃ គឺជាករណីទំនាស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយក្រៅប្រទេសនោះទេ ។ នេះជាការលើកឡើងរបស់ លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។ ជាមួយគ្នានេះដែរ លោក ឃ្លាំង ហួត បានបញ្ជាក់ពីសំណួរ ខាងវិទ្យុVODសួរមកគាត់ និងការឆ្លើយរបស់គាត់មានការនិយាយច្បាស់លាស់ ជៀសវាងការយកទៅចុះផ្សាយផ្ទុយពីការសួរ !
លោក ឃ្លាំង ហួត បញ្ជាក់ថា ៖ ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២៖៣៥នាទីថ្ងៃត្រង់ វិទ្យុVODបានខលមកសម្ភាសន៍ខ្ញុំ តាមរយៈលេខទូរស័ព្ទ +1253-527-0045 ដោយVODបានសួរមកខ្ញុំថា៖
សំនួរទី១៖ មានគេផ្សាយឈ្មោះនិងរូបភាពរបស់លោក សង្ស័យថាពាក់ព័ន្ធជាមួយឈ្មោះ លី រតនរស្មី។ ចំពោះករណីនេះ ខ្ញុំក៏បានបញ្ជាក់ជូនថា៖ ខ្ញុំមិនដែលស្គាល់ ឬមិនដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះ លី រតនរស្មី ឡើយ ។
សំនួរទី២៖ តើសំឡេងដែលបែកធ្លាយរបស់លោកហ៊ុនសែន ដែលបានបញ្ជាមកឈ្មោះអាហួត គឺជាឈ្មោះរបស់លោកមែនឬទេ។ ចំពោះករណីនេះ ខ្ញុំបានឆ្លើយថា សំឡេងនោះមិនមែនជាសំឡេងពិតរបស់សម្តេចតេជោហ៊ុនសែនទេ គឺជាសំឡេងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតAIប៉ុណ្ណោះ ។
ខ្ញុំសូមគូសបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបបន្ថែមថា ចំពោះការបង្កើតសំឡេងAIខាងលើ គឺក្រុមពួកប្រឆាំងទទួលបាននូវអត្ថប្រយោជន៍សំខាន់ចំនួន ០២ គឺ៖
ទី១-បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់សម្តេចតេជោ
ទី២-ក្រុមប្រឆាំងដែលកំពុងរស់នៅទីក្រុងបាងកក ត្រូវបានអង្គការក្រៅរដ្ឋាភិបាលរៀបចំបញ្ជូនឱ្យទៅរស់នៅប្រទេសទី៣ ដូចជា៖ សហរដ្ឋអាមេរិក និងកាណាដា សមតាមបំណងរបស់ពួកគេ ។
ជានិច្ចកាលក្រុមពួកប្រឆាំងបានដាក់គោលដៅដើម្បីបំផ្លាញសម្តេចតេជោហ៊ុនសែនតាមគ្រប់រូបភាព ព្រោះសម្តេចតេជោ គឺជាគ្រឹះដ៏រឹងមាំរបស់ប្រទេស និងគណបក្សប្រជាជនកម្ពុជា។ ដូច្នេះអ្នកដែលបង្កើតសំឡេងAI គឺមានចេតនាទុច្ចរិតចង់បំផ្លាញសម្តេចតេជោ និងបំផ្លាញប្រទេសជាតិ ។
ដោយឡែកពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គឹមយ៉ា នៅទីក្រុងបាងកក ផ្អែកតាមការបញ្ជាក់របស់សមត្ថកិច្ចថៃ គឺជាករណីទំនាស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយក្រៅប្រទេសនោះទេ ។
ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងប្តេជ្ញាការពារសុខសន្តិភាពឱ្យបានគង់វង្ស ទោះត្រូវបង់តម្លៃណាក៏ដោយ៕
ដោយ ៖ សិលា