ក្រសួងសាធារណការ​ ជូនដំណឹងស្តីពីការធ្វើនាវាចរណ៍នៅតំបន់សិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាជ្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពី រាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិតដើម្បីជំរុញការចាប់ផ្តើមសាងសង់ ដែលក្នុងអំឡុងពេល នៃការសិក្សានេះនឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ដែលអាច បង្កឱ្យមានការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។

ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្ន ខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។

២. រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ យ៉ាងតិច ៥០ម៉ែត្រ ដើម្បីចៀសវាងហានិភ័យនៃការប៉ះ ទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតតំបន់សិក្សា។

៣. ផ្តល់អាទិភាពដល់ក្រុមការងារសិក្សាគម្រោង និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីក្រុមការងារ ចរាចរណ៍ផ្លូវទឹក។

៤. មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ១០០ម៉ែត្រ ពីតំបន់សិក្សា។

៥. នាវាធ្វើដំណើរឆ្លងកាត់តំបន់សិក្សា ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។

អាស្រ័យហេតុនេះ សូមសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងយោគយល់ អធ្យាស្រ័យ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលនៃការធ្វើ នាវាចរណ៍ឆ្លងកាត់តំបន់សិក្សា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្រោយទទួលបានសេចក្តីជូនដំណឹងនេះ សូម អង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print