លោក ហ៊ុយ វណ្ណៈ ៖ «ព័ត៌មាន និង សាធារណមតិ» នៅក្នុងបរិបទឌីជីថល!

ចែករំលែក៖

ភ្នំពេញ ៖ «ព័ត៌មាន និង សាធារណមតិ» នៅក្នុងបរិបទឌីជីថល!

ហេតុអ្វី វាដុតរោល? ។ នេះជាប្រធានបទនៃជ្រុងមួយដែល លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកឡើងលើផេកផ្លូវការ កាលពីម្សិលមុិញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងនោះលោកបញ្ជាក់ចំណុចចំនួន ៥ ដូចខាងក្រោមយ៉ាងដូច្នេះថា ៖ 

១- ខ្ញុំអាចវាយតម្លៃដោយកោតសរសើរថា សណ្តាប់ធ្នាប់ព័ត៌មានបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ។ បើប្រៀបធៀបពីដំណាក់កាលចាប់ផ្តើមប្រែប្រួលពីការផ្សាយបែបប្រពៃណី មកកាន់ការផ្សាយតាមអនឡាញ និងមកដល់ឥឡូវនេះ បងប្អូនសារព័ត៌មានអនឡាញ ក៏បានកែប្រែរបៀបផ្សាយបានល្អជាងមុនគួរឱ្យសរសើរ ទាំងវិធីសាស្ត្រផ្សាយ ខ្លឹមសារ និងសុជីវធម៌។

២- ក៏ប៉ុន្តែ អ្វីដែលពុះកញ្ជ្រោលសព្វថ្ងៃ ហើយដែលស្ទើតែផុតពីសារព័ត៌មាន នោះគឺ «កំសួល សាធារណមតិ» ដែលមានបង្កប់សារជាតិនិងគោលបំណងរបស់វា។ ឌីជីថល ផ្តល់មធ្យោបាយដល់ពលរដ្ឋម្នាក់មានបណ្តាញសង្គម១ ឬ១០ ហើយបញ្ហាអ្វីក៏ដោយ បើវានៅត្រឹមបច្ចេកទេស ក៏វានឹងមិនធ្ងន់ធ្ងរពេកទេ។ តែបើផុតពីនេះ វាពុះកញ្ជ្រោលហើយ។ ឥឡូវនេះ រហូតដល់អ្នកលេងសាធារណមតិខ្លះ ចេញមកស្តីបន្ទោសបងប្អូនសារព័ត៌មាន ថាម៉េចមិនផ្សាយរឿងនេះ ឬរឿងនោះ? «រឿងនេះនិងរឿងនោះ» គឺដើម្បីជួយបម្រើឱ្យគោលដៅដុតរោលសាធារណមតិនិងសតិអារម្មណ៍ ដើម្បីឱ្យប្រជាជន ខឹង ក្តៅក្រហាយស្អប់ ដាក់បន្ទុក និងការបន្ទោស ជាងគិតពិចារណាលើ «ហេតុនិងផល» និងដំណោះស្រាយ។ 

៣- សូមចងចាំថា ការឱ្យសារព័ត៌មាន លោតចូលក្នុងសាធារណមតិ គឺដូច «ដុតគ្នាទាំងរស់»។ ក្នុងករណីនេះ សារព័ត៌មានបើនឹងផ្សាយ ក៏សូមកុំភ្លេចអាវក្រោះ គឺ «រូបមន្តតុល្យភាពដំណឹង»។ ក្តាប់ឱ្យគ្រប់ជ្រុង យកសំឡេងឱ្យគ្រប់ភាគី ជៀសវាងត្រឹមធ្វើជាមេក្រូបំពង។

៤- ហេតុអ្វីសាធារណមតិពុះកញ្ជ្រោល? មូលហេតុ វាដដែលទេ ហើយជួនកាលបញ្ហាខ្លះ ក៏មិនធំដែរទេ។ ប៉ុន្តែ វារីកធំដោយសារ ឌីជីថល, AI, និង MMO ។ បញ្ហានេះ កើតមាននៅគ្រប់ប្រទេស។ គ្រាន់ថា សមត្ថភាពគ្រប់គ្រងសភាពការណ៍តាមទិដ្ឋភាពច្បាប់ បច្ចេកទេស សមត្ថភាពចំណេះដឹង និងសីលធម៌ពលរដ្ឋ មិនដូចគ្នា។ 

៥- បញ្ហាខាងលើនេះ យើងទាំងអស់គ្នាមានចំណែក។ យើងម្នាក់ៗអាចសួរខ្លួនឯង តើយើងចង់បានសង្គមអ្វីពិតប្រាកដ? ហើយយើងអាចរួមចំណែកដោយរបៀបណា ដើម្បីរួមចំណែកកសាងបរិយាកាសសង្គមមួយដែលនិយាយស្តាប់គ្នាបាន ប្រកបដោយហេតុនិងផល តាមដំណើរប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិភាព និងធានាការអភិវឌ្ឍន៍ជាបន្តបន្ទាប់ សម្រាប់អនាគតកូនចៅយើង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print