ក្រសួងកសិកម្ម​៖​ ស្នើឱ្យកសិករពិចារណាបង្វែរមកប្រើប្រាស់ពូជស្រូវក្រអូបក្នុងស្រុក ដែលមានទីផ្សារក្នុងស្រុកស្រាប់ ដោយសារមានអ្នកបញ្ជាទិញច្បាស់លាស់ និងមានរោងម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញជាដើម

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅល្ងាចថ្ងៃ​សុក្រ​ទី១៦ ខែមករា ឆ្នាំ២០២៥នេះ​ បានឱ្យដឹងថា​ លោកបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកអនុរដ្ឋលេខាធិការ ចាន់ សុវត្ថិភាព និងលោក សាយ សុភភោ​គា​ កាលពីម្សិលមិញនេះ​ បានជួបសំណេះសំណាលជាមួយ លោក គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលទទួលបន្ទុកិច្ចការកសិកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន ៥៦ នាក់ ។

រដ្ឋបាលស្រុកក្រូចឆ្មារ មេឃុំ មេភូមិ និងសហគមន៍កសិកម្មមួយចំនួន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ៥៦ នាក់ ព្រមទាំងសំណេះសំណាលជាមួយកសិករចំនួន ដែលផលិតស្រូវប្រាំង ក្នុងខេត្តត្បូងឃ្មុំ ពិនិត្យការប្រមូលផលស្រូវរដូវប្រាំង និងសរបស់បងប្អូនប្រជាកសិករប្រមាណ១៥០នាក់ ក្នុងភូមិបារាយណ៍ ឃុំឈូក និងភូមិអំពិល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងក្តាប់ពីបញ្ហាប្រឈម និងតម្រូវការរបស់បងប្អូនប្រជាកសិករ។ 

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរាយការណ៍ឱ្យដឹងថា ឆ្នាំនេះ ការបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងខេត្តមានជាង១៥ ០០០ហិកតា (ប្រមាណ ៩០% ប្រើប្រាស់ពូជOM) កើនលើសឆ្នាំ២០២៣ ប្រមាណជាង ២ ០០០ហិកតា ដែលបណ្តាលឱ្យភូមិសាស្ត្រមួយចំនួនប្រឈមការខ្វះខាតទឹកស្រោចស្រព ហើយត្រូវបានថ្នាក់ដឹកនាំខេត្ត ចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះបានមួយចំនួន។ 

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់ប្រធានមន្ទីររួច  លោកបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំដែងនូវការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ដែលធ្វើឱ្យស្រូវទទួលបានទិន្នផលខ្ពស់ ប៉ុន្តែផ្ទុយមកវិញ ធ្វើឱ្យប្រជាកសិករមានកង្វល់ទៅលើតម្លៃស្រូវដែលចុះទាបជាងឆ្នាំ២០២៣ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអន្តរាគមន៍ និងជួយរកដំណោះស្រាយជូនប្រជាកសិករផងដែរ។ 

ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍លោករដ្ឋមន្ត្រី ស្នើឱ្យកសិករពិចារណាបង្វែរមកប្រើប្រាស់ពូជស្រូវក្រអូបក្នុងស្រុក ដែលមានទីផ្សារក្នុងស្រុកស្រាប់ ដោយសារមានអ្នកបញ្ជាទិញច្បាស់លាស់ និងមានរោងម៉ាស៊ីនកិនស្រូវសម្រាប់នាំចេញជាដើម។ ទន្ទឹមនេះ លោកបណ្ឌិតក៏បានណែនាប្រជាកសិករឱ្យចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្តុំកម្លាំងផលិត ទាំងបរិមាណនិងគុណភាព ដែលអាចកាត់បន្ថយថ្លៃដើមផលិត ហើយភ្ជាប់ទៅកាន់ទីផ្សារតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print