នាវាទេសចរណ៍ ១គ្រឿងនាំភ្ញៀវបរទេសចម្រុះជាតិ សាសន៍ជាង ១១០០នាក់ ចូលសុំចតធ្វើទស្សនកិច្ច នៅកម្ពុជា១ថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ នាវាទេសចរណ៍បរទេស ១គ្រឿងឈ្មោះ Riviera បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត១២០០នាក់ ស្មើនឹង២៦សញ្ជាតិ ចូលសំចតធ្វើ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល១ថ្ងៃតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។

នាវាទេសចរណ៍បរទេសចំនួន១គ្រឿង មានឈ្មោះ Riviera សញ្ជាតិ Marshall Island មានបណ្តោយ ២៣៩,៣០ម៉ែត្រ ទទឹង ៣២,២០ម៉ែត្រ ជម្រៅទឹក ៧,៤០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ចំនួន១ ១៣០នាក់ ស្រី ៥៨៥នាក់ ស្មើនឹង២៦ សញ្ជាតិ និងមាននាវិកសរុបចំនួន៧៥៦នាក់ ស្រី១៦៥ នាក់ ស្មើនឹង៤៨សញ្ជាតិ។ នាវាទេសចរណ៍ Riviera បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង០៨៖៤០នាទី ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Riviera ដែលមានសញ្ជាតិច្រើនជាងគេគឺ USA ៧៩២នាក់ Canada ១៣៨នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងៗ។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជិត១២០០នាក់ មានភ្ញៀវទេសចរចុះពីនាវាចូលមកក្នុងប្រទេសកម្ពុជា ចេញទៅទស្សនកិច្ចអង្គរ ខេត្តសៀមរាប មានចំនួន៣២នាក់ ស្រី១៥នាក់ ស្មើនឹង០២សញ្ជាតិ។

ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងក្រុងនៃខេត្តព្រះសីហនុ ដូចជា តំបន់ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ ក្រុងព្រះសីហនុ តំបន់ឆ្នេរសមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ តំបន់អភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) និងទស្សនកិច្ចសាលាបឋមសិក្សាបិតត្រាំង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរបរទេសនៅខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការការពារសន្តិសុខ សុវត្ថិភាពសាធារណៈពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print