ភ្នំពេញ ៖ ស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៏ល្អប្រសើរ ក្រោម ម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅប្រកបដោយភាពសុខដុមរមនា និងមានសិទ្ធិសេរីភាពសព្វ បែបយ៉ាងដើម្បីចូលរួមក្នុងសកម្មភាព និងជីវភាពសង្គម ជាពិសេសការចូលរួមក្នុងការរៀបចំកម្មវិធីប្រពៃណី សាសនា តាមទំនៀមទម្លាប់បែបបុរាណ និងសម័យថ្មី ដែលក្នុងនោះ កត់សម្គាល់ឃើញថា ការរៀបចំកម្មវិធី ដែលមានលក្ខណៈជាឯកជន ជាក្រុមគ្រួសារ ឬលក្ខណៈជាសហគមន៍មួយចំនួន បានប្រារព្ធរៀបចំឡើង ដោយមានការដុតផាវ និង/ឬអុជកាំជ្រួចផ្ទះលម្អ ដើម្បីអបអរសាទរ និងកំសាន្តសប្បាយ ឬក៏ដើម្បីកំដរកម្មវិធី ដូចជាពិធីបុណ្យសាសនាតាមប្រពៃណី តាមតំបន់ ពិធីជប់លៀង ពិធីខួបកំណើត ពិធីរៀបអាពាហ៍ពិពាហ៍ ឬ ពិធីបុណ្យបូជាសពជាដើម។
ទិដ្ឋភាពទាំងអស់នោះ ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការដុតផាវបម្រើឲ្យកម្មវិធី ដូចពោលខាងលើនេះ គឺជាសកម្មភាពខុសច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ រីឯការអុជកាំជ្រួចផ្ទះលម្អ ថ្វីបើសកម្មភាពនេះត្រូវបានអនុញ្ញាតដោយច្បាប់ ប៉ុន្តែករណីខ្លះ បានបង្កហានិភ័យដល់ផ្នែកស្មារតី និងរំខានអារម្មណ៍របស់សាធារណជន ព្រមទាំងអាចបង្កអគ្គិភ័យជា យថាហេតុដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន រហូតបង្កគ្រោះថ្នាក់ដល់រូបរាងកាយ និង អាយុជីវិតមនុស្សផងដែរ។
ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក៏ដូចជាការបង្ការទប់ស្កាត់នូវហានិភ័យនានា ដែលបណ្តាលមកពីការដុតផាវ ការអុជ កាំជ្រួចផ្ទុះលម្អ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារផលប្រយោជន៍ និងធានាបានបរិយាកាសកក់ក្តៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់អង្គភាពមានសមត្ថកិច្ច ពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដូចខាងក្រោម៖
១- ចង្អុលដឹកនាំដល់អាជ្ញាធរក្នុងមូលដ្ឋាន ធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋគ្រប់ ស្រទាប់គ្រប់មជ្ឈដ្ឋាន អំពីទង្វើខុសច្បាប់នៃការផលិត ការនាំចូល ការស្តុកទុក ការចែកចាយ ការដាក់តាំង លក់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ ឬដុតផាវគ្រប់ប្រភេទ។ ដោយឡែក ចំពោះការអុជ កាំជ្រួចផ្ទុះលម្អសម្រាប់កម្មវិធីនានា ត្រូវអនុវត្តស្របតាមសេចក្តីកំណត់ លេខ០០១ស.ក.ណ. ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ការអនុញ្ញាតឲ្យអុជកាំជ្រួចផ្ទុះលម្អ ត្រូវជូនដំណឹង ជាមុនដល់សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជនក្នុងភូមិសាស្ត្រសាមីឲ្យបានដឹងអំពីទីតាំង ពេលវេលា និង ចំនួនគ្រាប់កាំជ្រួចដែលត្រូវអុជផ្ទុះលម្អក្នុងកម្មវិធី។
២- ខ្លឹមសារនៃការផ្សព្វផ្សាយអប់រំ ត្រូវបញ្ញាបឲ្យបានទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀតតាម រយៈសេចក្តីជូនដំណឹង និង/ឬសេចក្តីណែនាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងតាមរយៈវេទិកាផ្សព្វផ្សាយគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ព្រមទាំងនៅតាមទីផ្សារ ទីប្រជុំជន និងទីសាធារណៈ។
៣- អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹងការត្រួតពិនិត្យ ឆែកឆេរ តាមគ្រប់ច្រកទ្វារព្រំដែន និងមានផែនការកំណត់គោលដៅល្បាតត្រួតពិនិត្យដើម្បីរកឲ្យឃើញ ធ្វើការរាំងស្កាត់និងបង្ក្រាបឲ្យបានចំពោះ ការធ្វើចរាចរដោយខុសច្បាប់ នូវអាវុធ គ្រឿងផ្ទុះ ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ។
៤- ត្រូវធ្វើការណែនាំនិងត្រួតពិនិត្យឲ្យបានម៉ត់ចត់តាមដែនសមត្ថកិច្ចរៀងៗខ្លួន ចំពោះក្រុមហ៊ុន អាជីវកម្មទាំងឡាយណាដែលទទួលបានសិទ្ធិអនុញ្ញាតឲ្យផលិត នាំចូល ផ្គត់ផ្គង់ ចែកចាយ កាំជ្រួចផ្ទុះលម្អ ឲ្យ គោរពតាមច្បាប់លិខិតបទដ្ឋានដែលពាក់ព័ន្ធការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ព្រមទាំងអនុវត្ត វិធានការច្បាប់ឲ្យបានតឹងរឹង ម៉ឺងម៉ាត់ រាល់អាជីវកម្មដែលអនុវត្តខុសច្បាប់លិខិតបទដ្ឋានដែលពាក់ព័ន្ធ។
ទទួលបានសេចក្តីណែនាំនេះ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ត្រូវចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា