ខេត្តកំពង់ស្ពឺ៖ បុរសសង្ហារម្នាក់ជិះម៉ូតូពេលយប់គួរឱ្យសង្ស័យ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលហៅឃាត់សួរនាំ និងឆែកឆេរស្រាប់តែរកឃេីញម្សៅសថ្លាច្រកជាច្រេីនកញ្ចប់រក្សាទុកក្នុងប្រអប់សុវត្ថិភាពម៉ូតូ សួរនាំទេីបដឹងថាជាគ្រឿងញៀន និងបាននាំខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះថា មុខសញ្ញាសង្ស័យម្នាក់ជាការតាមដាន និងមានការសង្ស័យជាមុខសញ្ញារក្សាទុកជួញដូរនូវសារធាតុញៀនខុសច្បាប់យូរហើយ ។
ជាក់ស្ដែងកម្លាំងអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យ កាលពីវេលាម៉ោង ២០និង៣០នាទីយប់មិញនេះ បានល្បាតដល់ចំណុចផ្លូវកៅស៊ូស្ថិតនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ បានឃេីញមុខសញ្ញាសង្ស័យឈ្មោះ ស.ប្រ ភេទប្រុស អាយុ៣១ឆ្នាំ ក៏បានហៅឱ្យឈប់និងធ្វេីការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមាន ដូចខាងក្រោម៖
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀចំនួន៦កញ្ចប់(៣មធ្យម,៣តូច)
-មធ្យោបាយម៉ូតូ១គ្រឿង ម៉ាកGX ពណ៍សត្រួយចេក ០១គ្រឿង ស្លាកលេខភ្នំេពញ1FG-1898
-ទូរស័ព្ទដៃ ០៤គ្រឿង
-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានអនុវត្ដនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕ដោយ៖តារា