ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញពី Adware គឺជាកម្មវិធីដែលផ្តល់ការរំខាននៅលើកុំព្យូទ័រ ឬទូរសព្ទដោយភ្ជាប់មកជាមួយការផ្សាយពាណិជ្ជកម្ម។ លោកអ្នកប្រហែល ជាធ្លាប់បានជួបប្រទះជាញឹកញាប់រួចមកហើយនូវផ្ទាំងពាណិជ្ជកម្មដែលលេចឡើងនៅលើអេក្រង់ទូរសព្ទ ឬកុំព្យូទ័រនៅពេលដែល លោកអ្នកចូលទៅកាន់គេហទំព័រ ឬទាញយកកម្មវិធីផ្សេងៗ មកប្រើប្រាស់ដោយមិនគិតថ្លៃ។
ទោះបីជា Adware ហាក់បីជាមិនផ្តល់ការរំខានធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាក៏អាចនាំឱ្យមានហានិភ័យកើតឡើងចំពោះឧបករណ៍ បច្ចេកវិទ្យា និងឯកជនភាពរបស់លោកអ្នកផងដែរ។ ហានិភ័យទាំងនោះរួមមានដូចខាងក្រោម៖
*បញ្ហាឯកជនភាព៖ Adware អាចតាមដានសកម្មភាពរុករក (browsing activity) និងសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់ លោកអ្នក ដើម្បីកំណត់នូវបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ដែលអាចប៉ះពាល់ដល់ឯកជនភាពរបស់លោកអ្នក។
*បញ្ហាសុវត្ថិភាព៖ Adware អាចបង្កប់នូវមេរោគ ឬនាំលោកអ្នកចូលទៅកាន់គេហទំព័រដែលមានមេរោគ ដែលអាចធ្វើឱ្យឧបករណ៍ បច្ចេកវិទ្យារបស់លោកអ្នកប្រឈមនឹងការឆ្លងមេរោគទាំងនោះ។
*ផលប៉ះពាល់ដល់ឧបករណ៍បច្ចេកវិទ្យា៖ ធ្វើឱ្យកុំព្យូទ័រ ឬទូរសព្ទលោកអ្នកមានការរអាក់រអួល ដើរយឺត ឬអាចគាំងតែម្តង។
ហេតុនេះដើម្បី ការពារខ្លួនរបស់លោកអ្នកពីហានិភ័យដែលអាចកើតឡើង ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមធ្វើចែករំលែកវិធីសាស្ត្រដូចខាងក្រោម៖
១• បង្កើនការប្រុងប្រយ័ត្ននៅពេលដំឡើងកម្មវិធីណាមួយលើឧបករណ៍បច្ចេកវិទ្យា របស់លោកអ្នក
២• ប្រើប្រាស់កម្មវិធីកំចាត់មេរោគ (Anti-Malware Program) ដែលមានលទ្ធភាពក្នុងការចាប់យក និងបំបាត់មេរោគច្បាស់លាស់
៣• ជៀសវាងចុចចូលតំណភ្ជាប់ផ្តេសផ្តាស និងប្រុងប្រយ័ត្ននៅពេលទាញយកឯកសារពីគេហទំព័រដែលមានប្រភពមិនច្បាស់លាស់៕ដោយ៖តារា