ខេត្តត្បូងឃ្មុំ ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់ នៃវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែ បុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល លោកអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកស្រីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៤០០០នាក់៕
ដោយ ៖ សិលា