ខេត្តកំពត÷ អភិបាលខេត្តកំពតបានបញ្ជាក់ថា ព្រះសង្ឃដើរតួសំខាន់ណាស់នៅក្នុងការអប់រំ ផ្សព្វផ្សាយពុទ្ធឱវាទដល់ពុទ្ធបរិស័ទ ឲ្យស្គាល់បុណ្យ បាប អាក្រក់និងល្អ សរនិងខ្មៅ រក្សាបាននូវសន្តិភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងសន្តិភាពនៅក្នុងសង្គមជាតិផងដែរ។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកទឹកចិត្តដល់សមណសិស្ស ឲ្យយកចិត្តទុកដាក់ប្រឡងឲ្យជាប់ ដើម្បីមានសិទ្ធិអាចបន្តការសិក្សាឲ្យបានកាន់តែខ្ពស់ និងក្លាយជាធនធានមនុស្ស និងធនធានជាតិ នៅពេលអនាគត។
ថ្លែងនៅក្នុងពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា ២០២៣- ២០២៤ នៅក្នុង មណ្ឌលវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា មិនអាចខ្វះខាងណាមួយបានទេ។ ហើយនៅក្នុងពុទ្ធចក្រ ព្រះសង្ឃបានជាតួអង្គសំខាន់ នៅក្នុងការអប់រំ ផ្សព្វផ្សាយនូវពុទ្ធឱវាទដល់ប្រជាពុទ្ធបរិស័ទឲ្យមានសម្បទាជាមនុស្ស (គិតត្រូវ និយាយត្រូវ ធ្វើត្រូវ ចិញ្ចឹមជីវិត្តត្រូវ) រក្សាបាននូវសុខសន្តិភាពនៅក្នុងសង្គម។ ដូច្នេះសមណសិស្សត្រូវខិតខំប្រឡងឲ្យជាប់ ហើយបន្តការសិក្សាឲ្យកាន់តែខ្ពស់ ។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានឲ្យដឹងថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា ២០២៣- ២០២៤ នៅក្នុងមណ្ឌលវត្តជុំគ្រៀល មានសមណសិស្សដាក់ពាក្យប្រឡងចំនួន១៧១អង្គ ក្នុងនោះខេត្តកំពត ចំនួន១៤៧អង្គ និងនិមន្តមកពី ខេត្តព្រះសីហនុ ចំនួន២៤ អង្គ បានចែកចេញជា០៧បន្ទប់។ការប្រឡងនេះមាន រយៈពេល២ថ្ងៃ បានចែកចេញជា០៦វិញ្ញាសា លើមុខវិជ្ជាចំនួន១០ គឺៈ ភាសាបាលី និងវេយ្យាករណ៍ តែងសេចក្តី សរសេរតាមអាន វិទ្យាសាស្ត្រអនុវត្តន៍ ប្រវត្តិ ភូមិ ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា និង គណិតវិទ្យា។ វិញ្ញាសាចេញដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួង ធម្មការនិងសាសនា បានសម្រេចយកនូវ មុខវិជ្ជាប្រឡងទាំងអស់ ។ ហើយចំពោះសមណសិស្ស ដែលបានប្រឡងជាប់ពេលនេះ នឹងត្រូវទទួលបានសិទ្ធិដាក់ពាក្យប្រឡង បន្តចូលរៀនថ្នាក់ទី៧ នៃសាលាពុទ្ធិកវិទ្យាល័យជុំគ្រៀលកំពតតទៅ ៕ដោយ÷ចន្ទ លីហ្សា