ការលក់ខុនដូកាលពីឆ្នាំមុន នៅក្នុងទីក្រុង តូរ៉ុនតូ ដែលជាក្រុងដ៏ធំបំផុតរបស់ប្រទេសកាណាដា បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ 1996 ដោយសារអ្នកវិនិយោគមានបញ្ហាហិរញ្ញប្បទាន និងតម្លៃទាប។
ប្រតិបត្តិការទិញលក់ចំនួន 4,590 ត្រូវបានកត់ត្រានៅក្នុងតំបន់ Greater Toronto Hamilton Area ធ្លាក់ចុះ 64% ពីឆ្នាំ 2023 ដែលជាការធ្លាក់ចុះប្រចាំឆ្នាំទីបីជាប់ៗគ្នា នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Urbanation ។
យូនីតថ្មីដែលមិនទាន់បានលក់នៅក្នុងគម្រោង (រួមទាំងមិនទាន់សាងសង់ កំពុងសាងសង់ និងគម្រោងដែលបានបញ្ចប់ថ្មីៗនេះ) បានឈានដល់កម្រិតខ្ពស់បំផុត 24,277 យូនីតនៅចុងឆ្នាំមុន។
នេះមានន័យថានៅកម្រិតនៃការលក់ឆ្នាំ 2024 វានឹងចំណាយពេល 64 ខែដើម្បីលក់ខុនដូដែលមិនទាន់បានលក់នាពេលបច្ចុប្បន្ន។
លោក Shaun Hildebrand ប្រធាន Urbanation បានមានប្រសាសន៍ថា “ទីផ្សារខុនដូថ្មីទើបតែជួបប្រទះការលំបាកបំផុតរបស់ខ្លួនក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយ” ។
លោកបានបន្ថែមថា ការរំពឹងទុកសម្រាប់ទីផ្សារនៅតែមានកម្រិតទាបនៅឆ្នាំនេះ ដោយសារអ្នកវិនិយោគ ដែលជាកត្តាជំរុញចម្បងនៃសកម្មភាពលក់ បន្តដោះស្រាយជាមួយនឹងលំហូរសាច់ប្រាក់អវិជ្ជមាន ការលំបាកក្នុងការរៀបចំហិរញ្ញវត្ថុ និងការធ្លាក់ចុះតម្លៃ និងការជួល។
លោក Hildebrand រំពឹងថាការធ្លាក់ចុះនៃសកម្មភាពលក់មុនគម្រោងសាងសង់ នឹងកាន់តែមានភាពលំបាក់ខ្លាំងទៀតសម្រាប់សំណង់ចាប់ផ្តើមនៅឆ្នាំ 2025 ដែលបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ថ្មីដែលចាប់ផ្តើមនៅឆ្នាំ 2026-2027 ។