ភ្នំពេញ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិបានឆ្មក់បង្ក្រាបឃាត់ខ្លួនជនជាតិចិននិងវៀតណាមមានស្រីមានប្រុសប្រហែលជាង៣០០នាក់ ពាក់ព័ន្ធលួចលាក់បើកលេងល្បែងសុីសងអនឡាញខុសច្បាប់ នៅចំណុច អគារ
«មានជ័យ អាផាតមិន» ។
ក្នុងប្រតិបត្តិការឡោមព័ទ្ធទីតាំងអាផាតមិនមួយកន្លែងនេះដែរ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង០១រសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ចំពោះការឃាត់ខ្លួននេះ បានឃាត់នូវជនជាតិចិន និងជនជាតិវៀតណាម មានប្រុសមានស្រី ប្រហែលជាង៣០០នាក់ ដែលកំពុងពួនសម្ងំលួចលាក់បើកនិងលេងល្បែងសុីសង អនឡាញខុសច្បាប់ រួមនឹងវត្ថុតាងសម្រាប់ដំណើរការល្បែងសុីសងផងដែរ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ដោយយោងទៅតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយកម្លាំងជំនាញពាក់ព័ន្ធ ចុះទៅធ្វើការឡោមព័ទ្ធ ទីតាំងអគារអផាតមិនមួយកន្លែង ដែលលួចលាក់បង្កប់ល្បែងសុីសងអនឡាញខុសច្បាប់ ។ បន្ទាប់ពីមានការរាយកាណ៍ពីពលរដ្ឋថា ទីតាំងអាផាតមិនខាងលើនេះ សម្បូរទៅដោយជនជាតិចិននិងជនជាតិវៀតណាមចេញចូលនៅចំណុចអគារនេះ ទើបលោកអគ្គស្នងការបញ្ជាចុះទៅបង្រ្កាបភ្លាមៗ អោយខាងតែបាន នឹងមិនអោយនរណាម្នាក់រួចខ្លួននោះឡើយ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចបាននាំខ្លួនជនបរទេសប្រុសស្រីជាង៣០០នាក់ខាងលើ រួមនឹងវត្ថុតាងយកទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕