ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃចន្ទទី២០ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ កាលពីម្សិលមិញនេះ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤ (The 24th M-ATM Plus Three)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) និងមជ្ឍមណ្ឌលអាស៊ាន-ចិន មជ្ឍមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឍមណ្ឌលអាស៊ាន-កូរ៉េ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ានបូកបី២០២១-២០២៥ រួមនឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឍមណ្ឌលអាស៊ានទាំងបី ការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព និងដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន អាស៊ានបូកបី និងមជ្ឍមណ្ឌលអាស៊ានទាំងបី។
ក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជូបពិភាក្សាការងារជាមួយ លោក YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរបានពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពមគ្គុទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងការជំរុញជើងហោះហើរត្រង់ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀតផងដែរ៕ដោយ៖តារា