ក្រោយពេលជួបជុំជាមួយកូនៗអស់រយៈពេលប្រហែលជាងពីរម៉ោង ឪពុករបស់ខ្ញុំក៏ប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ភូមិវិញ។ ប្រមាណជាងមួយសប្តាហ៍ក្រោយមក មានដំណឹងថា ប្អូនស្រីរបស់ខ្ញុំម្នាក់ឈ្មោះ អាច្រឹប អាយុប្រហែល៤ឆ្នាំបានស្លាប់អស់រយៈពេល ២ ថ្ងៃកន្លងមកហើយ។ពេលនោះឪពុករបស់ខ្ញុំក៏ប្រញាប់រត់ទៅរាយការណ៍ឲ្យប្រធានសហករណ៍ដឹងភ្លាម ហើយបានស្នើសុំច្បាប់ចំនួនមួយថ្ងៃដើម្បីទៅមើលកូនៗ ដែលនៅមានជីវិត។ ប្រធានសហករណ៍បានយល់ព្រម ហើយក៏ដាក់លក្ខខណ្ឌឲ្យគាត់ជីកគាស់ដីជូនអង្គការដូចមុនទៀត។ឪពុករបស់ខ្ញុំខិតខំគាស់ដីអស់ពេលមួយថ្ងៃមួយយប់គ្មានបានឈប់សម្រាកទល់តែសោះ។ លុះពេលបានជួបជាមួយកូនៗរួចហើយ ឪពុករបស់ខ្ញុំត្រឡប់មកធ្វើការវិញធម្មតាដូចសព្វដង។មកដល់ភូមិបានប្រហែលមួយសប្តាហ៍ឪពុករបស់ខ្ញុំបានទទួលដំណឹងថា កូនរបស់គាត់ឈ្មោះអានាង អាយុ ៦ ឆ្នាំបានស្លាប់ទៀត។ ចំណែកកូនប្រុសស្រីពីរនាក់ផ្សេងទៀតត្រូវបានអង្គការបញ្ជូនយកទៅកាន់មន្ទីរពេទ្យស្រុកសំបូរដែរ។ ឪពុករបស់ខ្ញុំបានសុំច្បាប់អង្គការទៀតហើយអង្គការក៏យល់ព្រមឲ្យច្បាប់គាត់ទៅដែរ។ដោយប្រើលក្ខខណ្ឌជីកដីដូចមុនៗ ។ លុះពេលគាត់បានជួបជាមួយប្អូនៗរបស់ខ្ញុំនៅក្នុងមន្ទីរពេទ្យស្រុក ប្អូនរបស់ខ្ញុំបានយំអង្វរទាមទារសូមឱ្យគាត់យកពួកគេត្រឡប់ទៅផ្ទះវិញ ព្រោះពួកគេមិនចង់សម្រាកនៅក្នុងមន្ទីរពេទ្យទៀតទេ។ ពួកគេបានយំផង ស្រែកផងនិយាយអង្វរពុកថា ពុកអើយ! កូនមិនចង់រស់នៅទីនេះទៀតទេ។ សូមពុកឱ្យកូនត្រឡប់មកផ្ទះយើងវិញទៅ បើឱ្យកូនរស់នៅទីនេះតទៅទៀត កូនច្បាស់ជាស្លាប់ចោលពុកហើយ កូនមិនរស់ទេ។ ឮកូននិយាយដូច្នេះ ឪពុករបស់ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង។ គាត់បានជជីកសួរកូនៗរកមូលហេតុ ប៉ុន្តែកូនចេះតែយំហើយពុំព្រមនិយាយស្ដីអ្វីប្រាប់គាត់ឡើយ។ ប៉ុន្តែឪពុករបស់ខ្ញុំមិនដាច់ចិត្តយកកូនត្រឡប់ទៅក្នុងភូមិវិញទេ ព្រោះនៅក្នុងភូមិកំពុងតែជួបបញ្ហាអត់ឃ្លានខ្លាំង និងមានជំងឺដែលកំពុងធ្វើឲ្យអ្នកភូមិទាំងក្មេងទាំងចាស់ឈឺស្លាប់យ៉ាងរង្គាលទៀតផង។ គាត់នៅតែខិតខំនិយាយលួងលោមកូនៗថា ឲ្យកូនតស៊ូទ្រាំរស់នៅក្នុងមន្ទីរពេទ្យមួយរយៈពេលទៀត គឺរង់ចាំឲ្យដល់រដូវច្រូតកាត់ និងជំងឺក្នុងភូមិបានស្ងប់ស្ងាត់ សឹមឲ្យកូនវិលត្រឡប់ទៅក្នុងភូមិវិញ។ បន្ទាប់មក គាត់ក៏លួចរត់ចេញពីកូនត្រឡប់មកផ្ទះវិញទៅ។
លុះរំលងបានរយៈពេលប្រហែល ៥ ថ្ងៃ ឪពុករបស់ខ្ញុំបានទទួលដំណឹងថា ប្អូនស្រីរបស់ខ្ញុំម្នាក់ស្លាប់ទៀតហើយ។ ពេលនោះឪពុករបស់ខ្ញុំមានវិប្បដិសារីខ្លាំងណាស់ គាត់គិតថា ប្រសិនបើគាត់ឱ្យប្អូនស្រីពៅរបស់ខ្ញុំត្រឡប់មកផ្ទះវិញប្រហែលជាកូនគាត់មិនស្លាប់នោះទេ។ បន្ទាប់មកគាត់ក៏រត់ទៅសុំច្បាប់អង្គការទៀត ដើម្បីទៅយកប្អូនប្រុសរបស់ខ្ញុំដែលមានអាយុ ១២ ឆ្នាំ ឈ្មោះច័ន្ទ សុផល ហៅ អាទូច ឲ្យត្រឡប់មករស់នៅជាមួយគាត់វិញ។ គាត់មិនអាចទុកកូនរបស់គាត់ឲ្យរស់នៅក្នុងមន្ទីរពេទ្យបន្តទៅទៀតបានទេ។ដោយទទួលបានការអនុញ្ញាតពីអង្គការ ឪពុករបស់ខ្ញុំ បានប្រញាប់ប្រញាល់ធ្វើដំណើរទៅយកប្អូនប្រុសរបស់ខ្ញុំចាកចេញពីមន្ទីរពេទ្យមករស់នៅក្នុងភូមិវិញ។
មកដល់ភូមិសណ្ដាន់ ឪពុករបស់ខ្ញុំបាននាំកូនទៅសម្រាកនៅផ្ទះអ្នកធ្លាប់រាប់អានម្នាក់ ហើយបានហូបបាយនិងសម្រាកទីនេះរយៈពេលពីរម៉ោង។ ប្អូនប្រុសរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង រហូតដល់ប្រកាច់បាត់មាត់បាត់កភ្លាមមួយរំពេច។ ឪពុករបស់ខ្ញុំផិតភ័យស្លន់ស្លោ ក៏បានលើកត្រកងបីកូនរត់យ៉ាងលឿនទៅកាន់មន្ទីរពេទ្យសណ្ដាន់ដែលមានចម្ងាយប្រហែលជា ១៨ គីឡូម៉ែត្រពីទីកន្លែងដែលគាត់កំពុងស្នាក់នៅ។ ពេលទៅដល់មន្ទីរពេទ្យគាត់បានដាក់ប្អូនរបស់ខ្ញុំផ្តេកទៅលើគ្រែពេទ្យភ្លាមៗ ទុកឱ្យគ្រូពេទ្យពិនិត្យ។ ឪពុករបស់ខ្ញុំបានឃើញកូនរងាញាក់ ក៏ស្រាយយកអង្រឹងនៅក្បែរនោះមកដណ្ដប់ឲ្យកូន ប៉ុន្តែម្ចាស់អង្រឹងដែលជាកម្មាភិបាលខ្មែរក្រហមបានទាញអង្រឹងយកវិញភ្លាម រួចហើយបានលើកដៃចង្អុលមុខឪពុករបស់ខ្ញុំហើយស្រែកឡូឡាជេរប្រមាថតិះដៀលដល់ឪពុករបស់ខ្ញុំយ៉ាងខ្លាំង។ ពេលឃើញដូច្នោះមានប្រជាជនមូលដ្ឋានដែលជាអ្នកភូមិសណ្ដាន់ចំនួនពីរនាក់ដែលឃើញហេតុការណ៍នោះ និងដឹងរឿងរ៉ាវទុក្ខព្រួយក្នុងគ្រួសាររបស់ខ្ញុំជួយនិយាយអន្តរាគមន៍ទើបកម្មាភិបាលខ្មែរក្រហមនោះស្ងៀមស្ងាត់ទៅវិញ។ ក្រោយមកប្រធានពេទ្យបានមកបង្ខំឲ្យឪពុករបស់ខ្ញុំចាកចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅធ្វើការងារវិញ ហើយថែមទាំងប្រាប់គាត់ថា ប្រសិនបើគាត់ចង់ទៅមើលថែទាំកូន គឺត្រូវតែមានលិខិតយល់ព្រមពីប្រធានសហករណ៍។ ឮដូច្នោះគាត់ក៏ខំប្រឹងដើរផង រត់ផង បំណងឲ្យបានទៅដល់ភូមិរបស់គាត់ដើម្បីនឹងអាលបានសុំអង្គការវិលត្រឡប់មកមើលថែកូនរបស់គាត់វិញ។ លើកនេះក៏ដូចជាលើកមុនៗដែរ ទោះបីជាឪពុករបស់ខ្ញុំខំលួនតួរអង្វរករហូតលត់ជង្គង់នៅចំពោះមុខអង្គការក៏ដោយ ក៏គេនៅតែមិនអនុគ្រោះដល់គាត់ជាដាច់ខាត។ ឪពុករបស់ខ្ញុំខិតខំកាប់គាស់ដីតាមតម្រូវការរបស់អង្គការទាំងយប់ទាំងថ្ងៃ ដើម្បីឆាប់បានត្រឡប់ទៅមើលកូនវិញ។ ជាអកុសលប្អូនប្រុសរបស់ខ្ញុំបានស្លាប់ចោលគាត់ម្នាក់ទៀត។ (នៅមានត)