ខេត្តស្ទឹងត្រែង : នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥នេះ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តបានបើកកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលខេត្ត មានការអញ្ជើញចូលរួមដោយ លោក លោកស្រី គណៈអភិបាលខេត្ត ក្រុង/ស្រុក និងរដ្ឋបាលឃុំ សង្កាត់ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្តបានជំរុញ បន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ។
ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរ អង្គភាពរួមទាំងកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខ សន្តិភាព ការបម្រើសេវាសាធារណៈបានល្អ និងបានកសាងសមិទ្ធផលនានានៅតាម មូលដ្ឋានលេចជារូបរាង្គ ដែលជាការរួមចំណែកឲ្យខេត្ត ស្ទឹងត្រែងមានភាពរីកចំរើន ជាពិសេសការរៀបចំបុណ្យជាតិនានាទទួលបានជោគជ័យក្រោមការ ការពារសន្តិសុខសណ្តាប់ធ្នាប់ពីកំលាំងប្រដាប់អាវុធ។
ជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា បានក្រើនរំលឹកដល់ បណ្តាមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការ អភិវឌ្ឍហេដ្ឋា រចនាម្ព័ន្ធនៅតាមមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានដាក់ចេញនូវ ផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន៕
ដោយ៖ សសម