ខេត្តពោធិ៍សាត់ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ដូចជា វិធីសាស្រ្តដាំដុះ ការបែងចែកដីធ្វើស្រែ និងការស្វែងរកទីផ្សារនៅក្រៅប្រទេសផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ សម្ដេច បានផ្ដល់គោលការណ៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តពិនិត្យ និងត្រៀមអនុវត្តឱ្យបានទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលអាចប្រឈមនឹងបញ្ហាខ្វះខាតទឹកក្នុងការធ្វើស្រែនារដូវប្រាំងនេះ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១០០០នាក់បន្ថែមទៀត ដើម្បីជួយដល់កសិករនៅតាមមូលដ្ឋាន ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពាក់ព័ន្ធនឹងសន្តិសុខស្បៀង ដោយរាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវទៅលើអ្នកផលិត ឬអ្នកដាំដុះ និងអ្នកប្រើប្រាស់ ពោល គឺរក្សាតុល្យភាព ដោយដៃម្ខាងត្រូវរក្សាតម្លៃទីផ្សារល្អសម្រាប់កសិករ ហើយដៃម្ខាងទៀត ត្រូវធានាកុំឱ្យតម្លៃទំនិញឡើងថ្លៃពេក ជាពិសេស ចំណីអាហារ ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានលើកឡើងដែរថា អ្នកវិភាគជ្រុលនិយមមួយចំនួននៅក្រៅប្រទេស តែងតែញុះញុង់ប្រជាកសិករ អំពីបញ្ហាតម្លៃស្រូវចុះថោក ។
សម្តេចធិបតីថា ៖ ការយកចិត្តទុកដាក់លើកសិករ និងកសិកម្ម មិនគិតតែលើតម្លៃទីផ្សារតែមួយមុខទេ ពោល គឺមុននឹងឈានទៅដល់ការគិតគូរតម្លៃទីផ្សារ ដំបូងយើងត្រូវមានដីសិន ហើយដីនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការរៀបចំចុះបញ្ជី និងចែកបណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកដែលអត់ដី។ ទី២ គឺទឹក បើគ្មានទឹក ប្រជាពលរដ្ឋក៏មិនអាចធ្វើការដាំដុះបានដែរ ជាក់ស្តែងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកសាងទំនប់ប្រឡាយច្រើនសម្រាប់ធានាទឹកស្រោចស្រព ទាំងខែប្រាំង និងខែវស្សា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា«ប្រជាពលរដ្ឋខ្លះ គាត់សម្ដែងមតិតាម Facebook ជាការកង្វល់ ខ្ញុំគាំទ្រ ហើយក្រសួងយើងដុតដៃដុតជើង ដោយសារ គាត់ស្រែក ! ប្រជាពលរដ្ឋទូទៅ មិនថាកសិករ មិនថាអ្នកផ្សេងៗ ដែលព្រួយបារម្ភ គាត់ជួយកង្វល់ ហើយគាត់បញ្ចេញមតិ ដើម្បីរដ្ឋាភិបាល ខ្ញុំសូមអរគុណណាស់ គ្មានកំហុសស្អីទេ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ការទទួលស្គាល់ និងការចែករំលែកព័ត៌មាន គឺជាការជួយដល់រាជរដ្ឋាភិបាល ដើម្បីខិតខំរកវិធីសាស្ដ្រ ជួយដល់ប្រជាកសិករ ដែលនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល ទទួលស្គាល់ជាក់ស្ដែង តាមរយៈការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លើវិស័យកសិកម្មនេះ រាជរដ្ឋាភិបាល មិនមែនគិតត្រឹមរឿងតម្លៃប៉ុណ្ណោះទេ ដើម្បីលើកកម្ពស់ វិស័យ កសិកម្ម រាជរដ្ឋាភិបាល បានរៀបចំផ្តល់ដី, រៀបចំប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនទៀត ៕
ដោយ ៖ សិលា