ខេត្តបន្ទាយមានជ័យ ៖ នារាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីប្រកាសសមាសភាព គណៈកម្មាធិការសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ អាណត្តិទី៨ និងពិធីជប់លៀងភោជនាអាហារ អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន នៅសាលា ផី ឆឹង ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក ឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ អាណត្តិទី៧ នឹងបន្តដឹកនាំអាណត្តិទី៨ បានបញ្ជាក់ឱ្យដឹងថា សមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ បានរៀបពិធីប្រកាសទទួលស្គាល់សមាសភាពគណៈគ្រប់គ្រង និងតែងតាំងប្រធាន អនុប្រធាន សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ អាណត្តិទី៨ (ឆ្នាំ ២០២៥-២០៣០) រួមទាំងពិធីលៀងភោជនាអាហារ ដេីម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន ក្នុងគោលបំណងដាស់តឿនឱ្យបងប្អូនសែស្រឡាយចិនរួបរួមសាមគ្គីគ្នា និងលើកស្ទួយប្រពៃណីដ៏ល្អផូរផង់ ។
លោក បន្តថា រយៈពេលមួយអាណត្តិនេះ សមាជិកសមាគមខ្មែរចិន ខេត្តបន្ទាយមានជ័យបានកសាងសមិទ្ធផលជាច្រើន ជាពិសេសសិស្សក៏មានការកើនឡើងជាលំដាប់ ដោយចាប់ផ្តើមពីឆ្នាំ២០២០ ដែលជាឆ្នាំទី១នៃ អាណត្តិទី៧នេះ ចំនួនសិស្សានុសិស្សសរុបមានប្រហែលជាង១០០នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ឆ្នាំ ២០២៥នេះ ចំនួនសិស្សានុសិស្សមានការកើនឡើងជាង៣៦០នាក់។ ព្រមទាំងបានផ្តល់អាហារូបករណ៍១០០%ដល់លោកសង្ឃ និងសិស្សដែលមានជីវភាពខ្វះខាត មានឱកាសរៀនសូត្រផងដែរ។
នាឱកាសនោះដែរ លោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ដែលចាប់តាំងពីពេលចាប់បដិសន្ធិកកើតឡើង រហូតដល់បច្ចុប្បន្ន បានរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រួមជាមួយនឹងការកសាងសមិទ្ធផលជាច្រើនក្នុងសង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិប្រកបដោយសក្តានុពល។ លោក បន្តថា ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ អស់រយៈពេល៧អាណត្តិ(៣៥ឆ្នាំ)កន្លងទៅរបស់សមាគមខ្មែរ ចិន នៅខេត្តបន្ទាយមានជ័យ គឺពិតជាបានឆ្លងកាត់ការលំបាក និងបានពុះពារជម្នះគ្រប់ឧបស័គ្គគ្រប់បែបយ៉ាង ប្រកបដោយឆ័ន្ទៈយ៉ាងមុតមាំនិងមានការប្តេជ្ញាចិត្តខ្ពស់។
លោក អភិបាល ខេត្តបន្តថា សមាគមខ្មែរ ចិន មានភាពរីកដុះដាលដោយភាពវិជ្ជមានជាលំដាប់គួរឱ្យកត់សម្គាល់។ ដែរនេះសបញ្ជាក់ឱ្យឃើញពីកត្តា អំណោយផលចម្បងៗដែលជាឱកាសនិងលទ្ធភាព សម្រាប់នាំឱ្យមានភាពជោគជ័យនេះគឺ ៖ កត្តាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ, កត្តាជឿទុកចិត្ត ចំពោះការដឹកនាំរបស់ប្រធានសមាគម ពីសមាជិក សមាជិកានៃសមាគម ក៏ដូចជា មាតា បិតា សិស្សានុសិស្ស ដែលបានបញ្ជូនកូនចៅឱ្យមករៀននៅទីនេះ, ការសាមគ្គីភាពផ្ទៃក្នុងសមាគម ទាំងស្មារតី និងធនធាន, ការសហការ និងមានទំនាក់ទំនងល្អជាមួយរដ្ឋបាល សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងជាមួយសមាគម ទាំងក្នុងនិងខាងក្រៅប្រទេស៕
ដោយ ៖ សិលា