លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់រៀបចំផែនការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី ថោង ខុន, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី, លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី និងបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានក្រុមការងារៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ការរៀបចំផែនការអភិវឌ្ឍន៍
វិស័យទេសចរណ៍ខេត្តកំពង់ធំ មានគោលដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការបង្កើនប្រាក់ចំណូល, ការបង្កើតការងារ និងមុខរបរថ្មីបន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ និងធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំ ក្រៅពីវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ដោយសារខេត្តកំពង់ធំស្ថិតនៅចំចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងមានសក្ដានុពលទាក់ទាញជាច្រើន ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប, ដូចនេះ ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ខេត្តនេះ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីបង្កើនតម្លៃបន្ថែម និងបន្ថែមសក្ដានុពលនៃការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងបរទេស។ ប្រការនេះនឹងជួយធ្វើឱ្យខេត្តកំពង់ធំលែងគ្រាន់តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬទៅហួសមកហួសដូចមុន ពោលគឺខេត្តកំពង់ធំនឹងក្លាយជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយ តាមទិសពីភ្នំពេញទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានចង្អុលទិសដៅអាទិភាពមួយពាក់ព័ន្ធនឹងការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ សម្រាប់អនុវត្តក្នុងរយៈពេល ៣ ឬ ៤ឆ្នាំ និងបានផ្តល់ការណែនាំឱ្យបង្កើតក្រុមការងារចំនួន ២ ដោយក្រុមការងារទី១ ធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដែលមានសក្តានុពលខ្ពស់ខាងផ្នែកវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដោយត្រូវថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញផ្សេងទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ពហុទេសចរណ៍។ ចំពោះក្រុមការងារទី២ ធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែម តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជា៖ ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម។ល។ ក្រៅពីនេះ ត្រូវតម្រង់ការសិក្សា និងរៀបចំឡើងវិញនូវរមណីយដ្ឋាន និងតំបន់ទេសចរណ៍ផ្សេងៗទៀតជាបន្តបន្ទាប់តាមក្រោយ ដូចជា៖ ការរៀបចំអភិវឌ្ឍន៍តំបន់ភ្នំសន្ទុកឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញខាងផ្នែកសាសនា, តំបន់ព្រៃប្រស់, សួនទឹកបឹងសំរិទ្ធ, តំបន់ព្រៃលិចទឹកបឹងទន្លេសាប និងតំបន់សហគមន៍ចន្ទី ព្រមទាំងសកម្មភាពទាក់ទាញមួយចំនួនទៀត ដូចជាការរៀបចំវត្តគំរូ, មជ្ឈមណ្ឌលវិបស្សនា និងការដាំដើមឈើជាដើម។ ក៏ប៉ុន្តែការរៀបចំផលិតផលទេសចរណ៍ទាំងនេះ ក៏ត្រូវភ្ជាប់ការគិតគូរដល់ទិដ្ឋភាពទេសចរណ៍សុខភាព (wellness tourism) និងគុណតម្លៃនៃវប្បធម៌ប្រពៃណី ស្ថានភាពធម្មជាតិរបស់សហគមន៍មូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ក្រុមការងារ និងអាជ្ញាធរខេត្ត យកទៅគិតគូរបន្ទាន់ចំពោះមុខ ដូចជាការរៀបចំមុខម្ហូបដែលមានរសជាតិឆ្ងាញ់ និងមុខទំនិញដែលប្លែក (ក្រៅពីចន្ទី) តែជាលក្ខណៈសម្គាល់ពិសេសសម្រាប់ខេត្តកំពង់ធំ សម្រាប់បម្រើ និងលក់ជូនភ្ញៀវ និងអ្នកដំណើរទូទៅដែលឆ្លងកាត់ និងការបណ្តុះបណ្តាល។ ក៏ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់ទៅដល់បញ្ហាតម្លៃ, ភាពស្អាត, គុណភាព និងអនាម័យ ព្រមទាំងសេវា។
បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុសរួចមក អង្គប្រជុំបានផ្តល់ការណែនាំឱ្យក្រុមការងាររៀបចំកែសម្រួលសេចក្ដីព្រាងផែនការនេះឡើងវិញ ដោយត្រូវកំណត់ឱ្យបានច្បាស់លាស់នូវផែនការយុទ្ធសាស្ត្រ,ផែនការសកម្មភាព, ស្ថាប័នអនុវត្ត និងយន្តការតាមដានការអនុវត្ត ស្របតាមស្មារតីអង្គប្រជុំ រួចធ្វើការពិនិត្យចុងក្រោយ ដើម្បីរៀបចំស្នើសុំការអនុម័តពីក្រសួងទេសចរណ៍៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print