ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរពិធីបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជនកូរ៉េ នៅខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ម្សិលមុិញ។
លោក គឹម យ៉ុង អ៊ុក អង្គការ ហាឆាន់ខាំ ក៏បានថ្លែងនូវការអរគុណ ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេស លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលកន្លងមកតែងតែជួយ គាំទ្ររាល់សកម្មភាពរបស់អង្គការ ក្នុងពេលបំពេញបេសកកម្ម នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ។ លោក បន្តថា ក្នុងនាមតំណាងអង្គការ លោក នឹងខិតខំបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងលើកកម្ពស់វិស័យអប់រំ និងវិស័យសុខាភិបាលបន្តទៀត
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ អង្គការ ហាឆាន់ខាំ ដែលកន្លងមក បានចូលរួមសកម្មភាពយ៉ាងច្រើននៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្នុងវិស័យអប់រំ ដែលបានបង្កើតនូវសាលារៀនក្នុងការបណ្ដុះបណ្ដាលដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត ទទួលបានឱកាសសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានចូលរួមចំណែកក្នុងវិស័យសុខាភិបាល តាមរយៈការដឹកនាំក្រុមគ្រូពេទ្យមកពិនិត្យសុខភាព និងចែកថ្នាំជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ ហើយក៏បានផ្តលឱកាសឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត ចូលរួមមានទស្សនកិច្ចទៅសាធារណៈរដ្ឋកូរ៉េជាច្រើនលើក។
ជាមួយគ្នានោះ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវបន្ថែមទៅដល់អង្គការ ហាឆាន់ខាំ បន្តចូលរួមលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជាខេត្តបន្ទាយមានជ័យបន្តទៀត តាមរយៈការផ្តល់ឱកាសក៏ដូចជាអាហារូបករណ៍ ដល់សិស្សានុសិស្សមានជីវភាពខ្វះខាត គ្មានលទ្ធភាព មានឱកាសបានសិក្សារៀនសូត្រ ក្រេបយកចំណេះ នឹងបន្តកៀរគរសប្បុរសជននៅប្រទេស កូរ៉េ ដឹកនាំក្រុមគ្រូពេទ្យ ក្នុងការចុះជួយពិនិត្យសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជាបន្តទៀតផង៕
ដោយ ៖ សិលា