ខេត្តកំពង់ធំ៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន បងប្អូនអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ឱ្យបានជ្រាបថាៈនៅថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្ត សង្កេតឃើញផេកឈ្មោះ Kong Kan TV និងហ្វេសប៊ុក មួយចំនួនបានចុះផ្សាយជាវីដេរអូរឃ្លីបថា៖ មានមនុស្សប្រុសស្រី០២នាក់ បានណាត់គ្នាទៅដេកនៅខ្ទមស្រែមួយកន្លែង ស្រាប់តែព្រឹកឡើង អ្នកភូមិក៏ប្រទះឃើញខាងស្រីស្លាប់ រីឯខាងប្រុសកំពុងរត់គេចខ្លួនចេញពីភូមិធ្វើឱ្យក្រុមគ្រួសារ ជនរងគ្រោះកើតទុក្ខមិនសុខចិត្តក៏ទៅប្តឹងសមត្ថកិច្ចឱ្យកោះហៅខាងប្រុសមកសាកសួរព័ត៌មានតែសមត្ថកិច្ចមិនព្រម ទទួលសរសេរពាក្យបណ្តឹង ហើយឆ្លើយថាគ្មានភស្តុតាងដាក់បន្ទុក ដែលត្រូវសួរនាំ ។
សូមគោរពជម្រាបជូន ឱ្យបានជ្រាបថាៈ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៩:០០នាទី លោក កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ បានទទួលសេចក្តីរាយការណ៍ថាមានករណី សង្ស័យមនុស្សធ្វើអត្តឃាត (ចងក)បានគោរពរាយការណ៍ជូន លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និង ឯកឧត្តមព្រះរាជអាជ្ញា បន្ទាប់មកបានដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលឃុំត្បែងចុះទៅកន្លែងកើតហេតុ ដោយសហការជាមួយគ្រូពេទ្យ អាជ្ញាធរភូមិឃុំ ព្រមទាំងមានការចូលរួមពីក្រុមគ្រួសារសព។ ក្រោយពីក្រុមការងារ ជំនាញសហការគ្នាពិនិត្យវិភាគកន្លែងកើតហេតុ ពិនិត្យស្លាកស្នាមលើដងខ្លួន និងអវៈយវៈរបស់សព វត្ថុតាងបន្សល់ទុក ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុ ស្តាប់ការបំភ្លឺឪពុកបង្កើត ប្អូនបង្កើតរបស់សព ព័ត៌មានមុនពេលកើតហេតុ នៅថ្ងៃទៅ០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២០:០០នាទីសាច់ញាតិបានឃើញឈ្មោះ ភារ មុំ និង ឈ្មោះ ក្រូច នន ដេកប្រឡែងគ្នានៅរោងចាំត្រី ហើយបានស្តីបន្ទោសជេរតិះដៀលទៅលើអ្នកទាំងពីរយ៉ាងខ្លាំង។ ផ្អែកតាមប្រភពព័ត៌មាន ភស្តុតាងដែលប្រមូលបានខាងលើ ក្រុមការងារជំនាញធ្វើការសន្និដ្ឋានបានថាៈ ឈ្មោះ ភារ មុំ ភេទស្រី អាយុ៤៨ឆ្នាំ ពិតជាធ្វើអត្តឃាត (ចងក)សម្លាប់ខ្លួនប្រាកដមែន។
លុះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ៩:០០នាទីសមត្ថកិច្ចនគរបាល បានសង្កេតឃើញក្រុមគ្រួសារសពចំនួន០៣នាក់ មានឈ្មោះ ភារ ប៉ាច ភេទស្រី ឈ្មោះ អ៊ុល ឡាគា ឈ្មោះ ជន់ ហួង ដែលត្រូវជាសាច់ញាតិសពបានមកជួបកម្លាំង ផ្នែកជំនាញ ដើម្បីសាកសួរពាក់ព័ន្ធករណីធ្វើអត្តឃាតរបស់ឈ្មោះ ភារ មុំ ក្នុងនោះសមត្ថកិច្ចជំនាញបំភ្លឺជូនទៅ បងប្អូនទាំង០៣នាក់ខាងលើអស់រយៈពេលប្រហែល២០នាទី អ្នកទាំង០៣ដែលជាសាច់ញាតិសពបានជ្រាប រួច ត្រលប់ទៅលំនៅដ្ឋានវិញដោយពុំមានសំណូមពរទាមទាដាក់ពាក្យបណ្តឹងអ្វីឡើយ ។
ដូច្នេះសូមធ្វើការបដិសេធចំពោះ ការចុះផ្សាយថា សមត្ថកិច្ចមិនទទួលសរសេរពាក្យបណ្តឹង។ អាស្រ័យហេតុនេះសូមសាធារណជន អ្នកព័ត៌មាន មេត្តាជ្រាប ៕ដោយ៖តារា