ស្នូរគ្រាប់កាំភ្លើងបន្លឺឡើងលាន់ឮសូរផូងផាំងៗ បន្តជាប់គ្នារដឹកបែកផ្កាភ្លើងព្រាកៗ។ ស្នូរគ្រាប់បែកគ្រាប់ផ្លោង បន្លឺឡើងរង្វើលៗ ប៉ុន្តែលាន់ឮខ្លាំងពេលផ្ទុះម្ដងៗរង្គើញាប់ញ័រអស់ប្រថពី។ កម្លាំងទាហានរបស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានខិតខំ និងទប់ទល់នឹងកម្លាំងខ្មែរក្រហមដែលកំពុងតែវាយប្រហារសម្រុកចូលមកកាន់ទីក្រុងភ្នំពេញដូចទឹកបាក់ទំនប់។ ស្នូររថក្រោះលាន់ឮគគ្រឹកគគ្រេង រីឯនៅលើអាកាសយន្តហោះចម្បាំងហោះខ្វាត់ខ្វែងពាសពេញវេហាលាន់ឮកងរំពងផ្តោះផ្តងឆ្លើយឆ្លងគ្នាមិនដាច់សូរទាល់តែសោះ។ សូរសំឡេងយន្តហោះ និងរថក្រោះលាន់ឮកាន់តែកៀក សបញ្ជាក់ឲ្យឃើញថាកងទ័ពខ្មែរក្រហមកំពុងតែសម្រុកចូលទីក្រុងភ្នំពេញហើយ។
ខ្ញុំចេះតែបារម្ភនៅក្នុងចិត្តគិតថា តើប្រទេសជាតិនឹងបានសុខឬក៏សង្គ្រាមស៊ីវិលត្រូវកើតមានឥតឈប់ឈរ? ខ្ញុំគ្រាន់តែដឹងថាពេលនេះអ្នកនយោបាយខ្មែរកំពុងតែក្លាយទៅជាកូនអុករបស់ប្រទេសមហាអំណាចពិភពលោកដែលកំពុងតែព្យាយាមផ្សព្វផ្សាយមនោគមវិជ្ជានយោបាយរបស់ខ្លួន។ ខ្ញុំខ្លាចឥទ្ធិពលនៃសង្គ្រាមត្រជាក់នឹងធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងសភាពខ្ទេចខ្ទី ព្រោះស្ថានភាពនយោបាយពិភពលោកកំពុងតែមានការប្រែប្រួលយ៉ាងខ្លាំង។ ពាក្យថា ” ដំរីជល់គ្នា ងាប់តែស្មៅ ” អាចនឹងត្រូវចំពោះបរិបទសង្គមនាពេលនេះ ប៉ុន្តែយ៉ាងណាយើងមានតែរង់ចាំមើលស្ថានភាពបន្តទៅទៀត។ ខ្ញុំកំពុងតែស្លុងគិតចំពោះបញ្ហាទាំងអស់នេះ ស្រាប់តែគ្រាប់ផ្លោងហោះរំលងដំបូលផ្ទះរបស់ខ្ញុំ ទៅប៉ះនឹងអគារមួយដួលរលំខ្ទេចខ្ទី។ ខ្ញុំភ្ញាក់ខ្លួនព្រើតហើយមានអារម្មណ៍ដឹងថា កងទ័ពខ្មែរក្រហមប្រាកដជាវាយកទីក្រុងភ្នំពេញបានជាក់ជាពុំខាន ព្រោះពួកគេបានឡោមព័ទ្ធទីក្រុងភ្នំពេញបានទៅហើយ។ មិនយូរប៉ុន្មានកងទ័ពខ្មែរក្រហមបានវាយយកទីក្រុងភ្នំពេញបានទាំងស្រុងដូចដែលខ្ញុំស្មានទុកមែន។ សំឡេងជយឃោសស្រែកហ៊ោរអបអរសាទរចំពោះជ័យជម្នះរបស់កងទ័ពខ្មែរក្រហមលាន់ឮពាសពេញទីក្រុងភ្នំពេញ។ មនុស្សម្នាទាំងឡាយសប្បាយអរនឹងជ័យជម្នះនេះ ព្រោះគិតថាប្រទេសជាតិនឹងបានសោយសុខសន្តិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។ ភាពសប្បាយរីករាយ ស្នាមញញឹមរបស់ប្រជាជនមិនទាន់បានយូរប៉ុន្មានផង ស្រាប់តែជំនួសមកវិញនូវទឹកភ្នែកនិងភាពងឿងឆ្ងល់។ កងកម្លាំងរបស់ខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនទាំងអស់ចាកចេញពីទីក្រុងភ្នំពេញជាបន្ទាន់ ដោយប្រាប់ថា ខ្លាចអាមេរិកទម្លាក់គ្រាប់បែក ដូច្នេះពួកគេត្រូវតែជម្លៀសប្រជាជនទៅតំបន់ដែលមានសុខសុវត្ថិភាពជាដាច់ខាត។ ពេលនោះក៏មានប្រជាជនមួយចំនួនរឹងទទឹងមិនព្រមចាកចេញពីទីក្រុងភ្នំពេញដែរ ប៉ុន្តែពួកគេត្រូវបានកងទ័ពខ្មែរក្រហមបាញ់សម្លាប់យ៉ាងអាណោចអាធ័ម។ ឃើញសភាពការណ៍បែបនេះប្រជាជនយើងក៏មិនហ៊ានតវ៉ាអ្វីទៀតដែរ ព្រោះពួកគេខ្លាចត្រូវកងទ័ពខ្មែរក្រហមបាញ់សម្លាប់ដូចប្រជាជនផ្សេងទៀតដែលរឹងទទឹងមិនព្រមធ្វើតាមបញ្ជារបស់កងទ័ពខ្មែរក្រហមទាំងអស់នោះ។ម្យ៉ាងទៀតនៅលើអាកាសមានយន្តហោះចម្បាំងហោះខ្វាត់ខ្វែងនៅឡើយ ដូច្នេះមានតែព្រមចាកចេញពីទីក្រុងទាំងបង្ខំចិត្ត។
ខ្ញុំ និងក្រុមគ្រួសារនាំគ្នារៀបចំអីវ៉ាន់ចាកចេញពីទីក្រុងភ្នំពេញ។ ប៉ារបស់ខ្ញុំបានរៀបចំអីវ៉ាន់ដាក់លើឡានរួចជាស្រេច។ ចំណែកខ្ញុំក៏នាំប្អូនប្រុសរបស់ខ្ញុំឡើងលើឡានចាកចេញទៅ។ ទឹកភ្នែកម៉ាក់របស់ខ្ញុំហូរចុះកាត់ផែនថ្ពាល់របស់គាត់ដំណាលគ្នាជាមួយវាចាទាំងរអាក់រអួលថា ” ពេលនេះមិនដឹងថាគេជម្លៀសយើងទៅទីណាទេ ហើយជីវិតរបស់គ្រួសារយើងក៏មិនដឹងទៅជាយ៉ាងណាដែរ?”។ ឮដូច្នេះ ប៉ារបស់ខ្ញុំប្រែទឹកមុខក្រៀមក្រំស្រពោនហើយនិយាយតបទៅវិញថា” ចាប់ពីពេលនេះទៅយើងត្រូវរស់នៅក្នុងភាពសាមញ្ញ ត្រូវលាក់សាវតារបស់យើង ” កែវភ្នែករបស់ប៉ាខ្ញុំសម្លឹងមើលទៅឆ្ងាយហើយនិយាយបន្តទៀតថា ” បងគិតថា បរិបទនយោបាយរបស់ប្រទេសយើងនឹងត្រូវផ្លាស់ប្ដូរទាំងស្រុង ព្រោះពេលនេះកម្លាំងទ័ពខ្មែរក្រហមបានឡើងកាន់អំណាចទៅហើយ។ ប្រទេសរបស់យើងប្រហែលប្រែទៅជាប្រទេសកុម្មុយនីស្តជាមិនខាន ព្រោះថាមេដឹកនាំខ្មែរក្រហមមានទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពសូវៀត ចិន និងវៀតណាម ហើយបងបានឃើញកងទ័ពអាវខ្មៅបាញ់សម្លាប់មន្ត្រីរាជការអស់ជាច្រើន។ ដូច្នេះយើងត្រូវតែលាក់សាវតាខ្លួនឯងកុំឲ្យគេដឹងឱ្យសោះថា បងជាមន្ត្រីរាជការ រីឯអូនក៏ដូចគ្នា មិនត្រូវឱ្យគេដឹងថាអូនជាវេជ្ជបណ្ឌិតជាដាច់ខាត។ និយាយរួច ប៉ាក៏បានងាកមករកខ្ញុំហើយញញឹមស្ងួតបន្លឺវាចាយ៉ាងស្រទន់ថា ” សុភីនាថ កូនចាប់ពីពេលនេះទៅ កូនឈប់ហៅប៉ាថាប៉ាទៀតទៅកូន ត្រូវហៅថាពុកណាកូន” ។
នៅថ្ងៃនោះមនុស្សម្នាចាកចេញពីទីក្រុងភ្នំពេញ តាមដងផ្លូវណែនណាន់តាន់តាប់រកផ្លូវចេញមិនចង់រួច អ្នកខ្លះជិះឡាន ម៉ូតូ ខ្លះបណ្ដើរកង់ដឹកអីវ៉ាន់ពេញពោរ។ រីឯខ្លះទៀតដើរទួលអីវ៉ាន់ផងស្ពាយសំពីងសំពោងពេញលើខ្លួនផង។ ខ្ញុំនឹកអាណិតដល់មនុស្សចាស់ៗដែលត្រូវដើរត្រដាបត្រដួសទាំងខ្លួនមានជំងឺ ខ្លះមានសំណាងបានកូនព ។ ខ្ញុំឃើញពួកគាត់យំទឹកភ្នែកហូររហាមនៅតាមផ្លូវ។ ចំណែកឯក្មេងតូចៗវិញ ត្រូវម្ដាយរបស់គេពផងកណ្ដៀតផងស្រែកយំទ្រហឹងអឺងកង។ ឃើញសភាពបែបនេះនៅតាមផ្លូវ ខ្ញុំពិបាកចិត្តណាស់ ខ្ញុំបានសួរថា ” ប៉ា!មន្ត្រីស៊ីវិលរបស់រដ្ឋាភិបាលខ្មែរត្រូវខ្មែរក្រហមសម្លាប់ទាំងអស់មែនទេប៉ា? ខ្ញុំនិយាយមិនទាន់ចប់ឃ្លាស្រួលផង ប៉ារបស់ខ្ញុំស្រែកដាក់ខ្ញុំថា សុភីនាថ កុំហៅថាប៉ាថាប៉ាទៀត កូនត្រូវហៅថា ពុក ត្រូវចាំដាច់ខាតដឹងទេ ។
និយាយរួចគាត់ក៏ត្រឡប់មកឆ្លើយនិងសំណួររបស់ខ្ញុំថា ពិតណាស់កូន! មន្រ្តីរាជការរបស់រដ្ឋាភិបាលចាស់ត្រូវខ្មែរក្រហមសម្លាប់ ហើយពុកបានឮមកថាពួកកងទ័ពអាវខ្មៅវានឹងបោសសម្អាតកម្អែលចក្រពត្តិអាមេរិកឲ្យអស់ ដូចជាពួកសាស្រ្តាចារ្យ និស្សិត បញ្ញវន្ត មួយចំនួនត្រូវបាញ់សម្លាប់ ព្រោះតែពួកគេតវ៉ានិងបញ្ជារបស់ខ្មែរក្រហមហើយ ចំណែកឯនៅតាមមន្ទីរពេទ្យវិញ វេជ្ជបណ្ឌិត ពេទ្យ គិលានុប្បដ្ឋាយិកាមួយចំនួនក៏ត្រូវបានបាញ់សម្លាប់ដែរ។
ប៉ុន្មានថ្ងៃមុន មុននឹងកើតហេតុការណ៍ទាំងអស់នេះ ប៉ារបស់ខ្ញុំស្មានដឹងពីហេតុការណ៍ថាមិនស្រួល ទើបគាត់មិនទៅធ្វើការហើយថែមទាំងបានឃាត់ម៉ាក់របស់ខ្ញុំមិនឱ្យទៅធ្វើការដែរ។ យើងធ្វើដំណើរទៅមុខកាន់តែឆ្ងាយទៅៗ ខ្ញុំក៏សួរប៉ាម៉ាក់របស់ខ្ញុំទៀតថា ” ពុកតើគេជម្លៀសយើងទៅណាដែរ?” ពុកក៏មិនទាន់ដឹងដែរ តែពេលនេះគេថាឲ្យយើងទៅកាន់ខេត្តកណ្ដាល” ប៉ារបស់ខ្ញុំបានឆ្លើយតបមកវិញទាំងមិនច្បាស់លាស់។ (នៅមានត)