មីយ៉ាន់ម៉ា៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK បានឱ្យដឹងថា ក្នុងរយៈពេល១៣ខែកន្លងទៅនេះ យោធាមីយ៉ាន់ម៉ាបានបណ្ដេញមនុស្សប្រហែល ៥៦០០០នាក់ដែលភាគច្រើនលើសលប់ជាជនជាតិចិន ទៅកាន់ប្រទេសនិងដែនដីអធិបតេយ្យផ្សេងៗ ដោយអ្នកត្រូវបណ្តេញចេញភាគច្រើនត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងល្បែងអនឡាញ។
ទូរទស្សន៍ជាតិជប៉ុន NHK បាននិយាយថា ជនជាតិបរទេសចំនួន ៥៥៧១១នាក់ទៅកាន់ប្រទេសដើមវិញនៅចន្លោះថ្ងៃទី៥ខែតុលា ឆ្នាំ២០២៣ដល់ថ្ងៃទី១៣ខែមករា ឆ្នាំ២០២៥។ ក្នុងចំណោមពួកគេ មានជាង៥៣៣០០នាក់ជាជនជាតិចិន ឬស្មើនឹងជាង៩០ភាគរយនៃចំនួនសរុប។ អ្នកដែលត្រូវបានបណ្តេញចេញទាំងនោះមកពីប្រទេសចំនួន ២៩និងដែនដីអធិបតេយ្យ នៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។
ក្នុងពេលកន្លងមកនេះ តារាសម្ដែងចិនម្នាក់ ក៏បានបាត់ខ្លួនក្នុងទីប្រជុំជនថៃជាប់ព្រំដែនមីយ៉ាន់ម៉ាកាលពីដើមខែនេះ។ ក្រោយមកអាជ្ញាធរថៃបានកំណត់ទីតាំងរបស់គាត់នៅមីយ៉ាន់ម៉ា ហើយបាននាំគាត់ត្រឡប់ទៅប្រទេសថៃវិញដោយមានកោរសក់ទៀតផង។ ក្រុមសង្គមស៊ីវិលថៃ បាននិយាយថា វាអាចទៅរួចដែលមនុស្សជាង ៦០០០នាក់មកពី ២១ប្រទេសត្រូវបានចាប់ឃុំខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ាគិតត្រឹមថ្ងៃទី៧ខែមករា។
យោធាមីយ៉ាន់ម៉ាហាក់ដូចជាកំពុងហៅការនិរទេសនេះថាជាសមិទ្ធិផលមួយ ខណៈចំណាត់ការនេះកើតឡើងចំពេលមានការអំពាវនាវអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់ខ្លួនដើម្បីដោះស្រាយឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តមកពីប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះអាជ្ញាធរថៃ និងចិន ដែលជាប់ព្រំដែនមីយ៉ាន់ម៉ា ក៏បាននិងកំពុងបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មបែបនេះផងដែរ៕ដោយ៖តារា
រូបថត៖ Chinese Ministry of Public Security