ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកស្រី Rosemarie P. Rafael បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសមាសភាពគណៈប្រតិភូនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។

ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សា បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រី ក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ច ក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីន នាពេលខាងមុខ ហើយសម្ដេចបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចទាំងនេះនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើម។

សម្ដេចបវរធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។

បន្ថែមលើសនេះ, សម្ដេចបវរធិបតីលើកឡើងថា នៅកម្ពុជា តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ចក៏បាន និង កំពុងវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីពហុវិស័យ ដើម្បីធានា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print