ខេត្តកំពង់ឆ្នាំង ៖ ត្រូវបានប្រកាសជាខេត្ត គ្មានសំរាមនិងសំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា នៃរដ្ឋសភា ថ្នាក់ដឹកនាំនិងជាតំណាងក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនានាប្រចាំកម្ពុជា និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិតំណាងអង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាងម៉ឺននាក់ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ ជាពិសេសដល់រដ្ឋបាលខេត្ត កំពង់ឆ្នាំង ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ អង្គភាព ចំណុះពាក់ព័ន្ធ ជាពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្ត ចូលរួម ធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងយើងស្អាត សង្គមយើងស្អាត ប្រទេសជាតិយើងមានបរិស្ថានស្អាត គឺដើម្បីភាពស្អាតរបស់កម្ពុជាទាំងមូល។
លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃនិងក្នុងទឹក។ នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើង នឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ពីការពង្រឹង កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបន្តយកចិត្តទុកដាក់ ជាអាទិភាពលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់ សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យស្អាត ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង បានលើកឡើងថា យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នៅទូទាំងខេត្តកំពង់ឆ្នាំងទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារសម្របសម្រួល នៃក្រសួងបរិស្ថានបានចុះដឹកនាំលើយុទ្ធនាការ “កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” លើក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងបាន ចំនួន ៣០០លើក ក្នុងនោះក្រុមការងារសម្របសម្រួលនៃក្រសួងបរិស្ថានបានចុះដឹកនាំផ្ទាល់ចំនួន ៨១លើក។
យុទ្ធនាការបានធ្វើអនាម័យសម្អាតតាមដងផ្លូវទូទាំងខេត្តបានចំនួន ៤១ខ្សែ, មានសាលារៀនទាំង ៣កម្រិតសិក្សា ចូលរួមចំនួន ៣៩៩សាលា , លោកគ្រូ អ្នកគ្រូចំនួន ៣ ៨៧១នាក់, សិស្សានុសិស្ស ចំនួន ១១៦ ៩៣៨នាក់, វត្តអារាមចំនួន ២១៩វត្ត (ព្រះសង្ឃចំនួន ២ ៦០០អង្គ) មន្រ្តីរាជការខេត្ត ក្រុង ស្រុកចំនួន ៦ ៩០៨នាក់, សាលាឃុំ សង្កាត់ ចំនួន ៧១ឃុំ សង្កាត់ ប្រជាពលរដ្ឋចំនួន ៤១៨ ៦៧៥នាក់ ស្មើនឹង ៧០% នៃប្រជាជនទូទាំងខេត្ត រោងចក្រសហគ្រាស ចំនួន ២២ អ្នកចូលរួមចំនួន ៤៥ ៦៦៨នាក់, អាជ្ញាធរ មូលដ្ឋានឃុំ សង្កាត់ចំនួន ១ ៣៨០នាក់ ក្នុងយុទ្ធនាការមានអ្នកចូលរួមសរុបចំនួន ៥៩៦ ០៤០អង្គ/នាក់ និងបានប្រមូលសំរាមបានចំនួន ២៦ ៣៤៩គីឡូក្រាម។
ជាលទ្ធផលតាមរយៈសកម្មភាពយុទ្ធនាការខាងលើនេះត្រូវបានពិនិត្យឃើញថា នៅតាមសាលារៀន រោងចក្រ សិប្បកម្ម អាជីវកម្ម វត្តអារាម ភូមិ ឃុំ សង្កាត់ លំនៅឋានប្រជាពលរដ្ឋនិងតាមដងផ្លូវជាតិ ផ្លូវខេត្តផ្លូវស្រុកមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានស្អាតល្អ មានភាពប្រទាក់ក្រឡាជាមួយលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ជាមួយនេះដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈយុទ្ធនាការនេះ ឆ្ពោះទៅសម្រេចឱ្យបានការប្រែក្លាយពីសកម្មភាពអនុវត្តជាក់ស្តែង ជាប្រចាំ ទៅជាចលនា ជំរុញឱ្យប្រជាពលរដ្ឋ មានទម្លាប់ល្អ នៅក្នុងការរក្សាភាពស្អាតរបស់កម្ពុជាជានិរន្តរ៍ ៕
ដោយ ៖ សិលា