សន្និបាតរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធឡើងនៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ក្រោមអធិបតីភាព លោក ងួន ណារ៉ា ប្រធានសាលាដំបូង និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានសាលាដំបូង លោក លោកស្រីព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការចំនួន ៣៤៥ នាក់។

ក្នុងឱកាសបើកអង្គសន្និបាត លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលជាសន្និបាតលើកទី១១ ត្រូវបានរៀបចំឡើងដោយផ្អែកលើស្មារតីមាត្រា៣៤ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការក្នុងគោលបំណងខាងក្រោម ៖

• បង្ហាញឱ្យឃើញពីសមិទ្ធផលទាំងឡាយ ដែលបានខិតខំធ្វើ ហើយសម្រេចបាន
• កំណត់អំពីបញ្ហាប្រឈមដែលកើតមាន និងស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវសម្រាប់បញ្ហាទាំងនោះ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និង
• កំណត់ទិសដៅ ផែនការ សកម្មភាពការងារ នាពេលខាងមុខឱ្យបានច្បាស់លាស់ ដែលជាសកម្មភាពចូលរួមចំណែក ក្នុងកម្មវិធីនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលឱ្យបានសម្រេចជាផ្លែផ្កាដ៏ត្រចះត្រចង់។

លោកព្រះរាជអាជ្ញា ក៏បានជម្រាបជូនអង្គសន្និបាតពីលទ្ធផលទទួលបានក្នុងការអនុវត្តយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលលទ្ធផលយ៉ាងត្រចះត្រចង់ ហើយលោកក៏បានរំឭក និងផ្ដាំផ្ញើលោក លោកស្រីអនុប្រធានសាលាដំបូង លោក លោកស្រីព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីទាំងអស់នៃលេខាធិការដ្ឋានរដ្ឋបាល ឱ្យខិតខំ ព្យាយាម និងបន្តអនុវត្តយុទ្ធនាការសម្រាប់ឆ្នាំទី២ ឱ្យបានជោគជ័យថែមទៀត ជាមួយនឹងការផ្ដល់សេវាគ្រប់ប្រភេទរបស់តុលាការ ដើម្បីផ្ដល់យុត្តិធម៌ មិនលម្អៀងជូនប្រជាពលរដ្ឋ ដោយឈរលើច្បាប់ជាធរមាន សម្រាប់ប្រយោជន៍អង្គភាព ប្រជាពលរដ្ឋទូទៅ និងសង្គមទាំងមូល។
បន្ទាប់ពីឯកឧត្តព្រះរាជអាជ្ញាបានប្រកាសបើកសន្និបាត អង្គសន្និបាតបានដំណើរការរបស់ខ្លួនតាមរបៀបវារៈដូចបានកំណត់៖

I. បទបង្ហាញស្ដីពី‹ការងាររដ្ឋប្បវេណី› ដោយក្រុមការងារកិច្ចការរដ្ឋប្បវេណី នៃសាលាដំបូងរាជធានី៖
១. សិទ្ធិតំណាង ដែលមិនមែនជាមេធាវី
២. អត្រាការបា្រក់ និងប្រាក់ពិន័យ
៣. បណ្ដឹងទាមទារបញ្ជាក់សិទ្ធិប្រាតិភោគ។
II. បទបង្ហាញស្ដីពី‹ទំនាក់ទំនងការងារបច្ចេកទេសរវាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ› ដោយក្រុមការងារកិច្ចការព្រហ្មទណ្ឌ នៃអយ្យការអមសាលាដំបូងរាជធានី។
III. បទបង្ហាញស្ដីពី‹ការងារព្រហ្មទណ្ឌ› ដោយក្រុមការងារកិច្ចការព្រហ្មទណ្ឌ នៃសាលាដំបូងរាជធានី៖
១. -ដីកាបង្គាប់ឱ្យចាប់ខ្លួន(ចៅក្រមស៊ើបសួរ/ចៅក្រមជំនុំជម្រះ)
-ការគ្រប់គ្រង/ការតាមដានការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន
២. សាវតាជាតិជនត្រូវចោទ
៣. បទល្មើសរំលោភលើទំនុកចិត្ត បទល្មើសឆបោក និងកិច្ចសន្យារដ្ឋប្បវេណី។
IV. កិច្ចពិភាក្សាបញ្ហាប្រឈមផ្សេងៗ។

សន្និបាតរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវប្រារព្ធមួយថ្ងៃពេញ(ព្រឹក ល្ងាច) នៃថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ៕

...

ប្រភព ៖ សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print