សមត្ថកិច្ចចម្រុះបង្រ្កាបរថយន្តដឹកសាច់និងឆ្អឹងមាន់ខូចគុណភាពជិត២តោននាំចេញពីប្រទេសថៃតាមច្រករបៀងអូរបីជាន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុពេទ្យមន្ទីរកសិកម្មខេត្ត លោកអនុសេនីយ៍ឯក ហុក ចិត្រា នាយផ្នែកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមន្ត្រីពេទ្យសត្វខេត្ត ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចេញប្រតិបត្តិការបង្រ្កាបរថយន្តនីសាន់ដឹកផ្ទុកឆ្អឹងមាន់ហាមឃាត់ខុសច្បាប់ជិត២តោន កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិកូនត្រី ឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈដែលរថយន្តធ្វើដំណើរចេញពីច្រករបៀងអូរបីជាន់ឆ្លងកាត់ខេត្តបន្ទាយមានជ័យបម្រុងឆ្ពោះទៅខេត្តសៀមរាប។

ជាមួយនឹងការបង្រ្កាបរថយន្តដឹកផ្ទុកឆ្អឹងខុសច្បាប់ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើករថយន្តម្នាក់មានឈ្មោះ សៀង ប៊ុនហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ចំណែករថយន្តនីសាន់១បាំងកន្លះ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខសៀមរាប2A-4100 ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់មន្ទីរកសិកម្មខេត្ត ដើម្បីបាញ់ថ្នាំរំងាប់មេរោគបង្ការទប់ស្កាត់ក្រែងឆ្លងមេរោគផ្សេងៗពីអាហារដែលគ្មានការត្រួតពិត្យ និងគ្មានអនុញ្ញាតច្បាប់ពីក្រសួងកសិកម្មនោះ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត ប្រាប់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបរថយន្តដឹកផ្ទុកឆ្អឹងមាន់ហាមឃាត់ខុសច្បាប់គឺជាវិធានការដើម្បីបង្ការទប់ស្កាត់នៃការនាំចូលផលិតផលសត្វបក្សីពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជាគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវក្នុងគោលបំណងដើម្បីចូលរួមលើកកំពស់សុវត្ថិភាពម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋខ្មែរ។សកម្មភាពនៃការនាំចូលអាហារខុសច្បាប់ពីសំណាក់ក្រុមឈ្មួញជាការនាំចូលនូវកាកសំណល់បក្សីដែលនៅក្នុងប្រទេសថៃគេបោះចោលខូចគុណភាពហើយត្រូវបានឈ្មួញខ្មែរនាំចូលមកក្នុងប្រទេសកម្ពុជាគឺជាអំពើខុសច្បាប់ដែលក្រសួងកសិកម្មធ្វើការហាមឃាត់មិនឱ្យនាំចូលមកនោះទេ។

បើតាមចម្លើយសារភាពពីម្ចាស់នាំចូលឆ្អឹងមាន់យកទៅឱ្យចំណីក្រពើនៅខេត្តសៀមរាប ដោយក្នុង១រថយន្តបង់ប្រាក់ក្រុមទាហានឈរជើងនៅច្រកអូរបីជាន់២ម៉ឺនរៀល គាត់មិនដឹងថាឆ្អឹងមាន់នោះត្រូវបានច្បាប់ហាមឃាត់នោះទេ ហើយឆ្អឹងមាន់ទាំងនោះមានទម្ងន់ ១,៨០០គីឡូក្រាម ។

បច្ចុប្បន្នម្ចាស់រថយន្តខាងលើត្រូវបានកសាងសំណុំរឿងយកទៅអនុវត្តតាមផ្លូវច្បាប់ ដោយឡែកសម្រាប់អាហារខូចគុណភាពនោះសមត្ថកិច្ចចម្រុះនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ គ្រោងនឹងយកដុតកំទេចចោលផងដែរ។

សូមរំលឹកថា ពាក់ព័ន្ធនឹងការបង្រ្កាបការដឹកជញ្ជូនអាហារខូចគុណភាពហាមឃាត់ខុសច្បាប់នោះដែរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏ធ្លាប់បង្រ្កាបរថយន្តកាមរី១គ្រឿងដឹកឆ្អឹងមាន់ខុសច្បាប់ជាង១តោន ឈ្មួញនាំពីព្រទេសថៃតាមច្រកអូរបីជាន់ហើយបម្រុហយកមកលក់ចែកចាយនៅខេត្តសៀមរាបនោះផងដែរ៕

IMG_9161 IMG_9162 IMG_9177 IMG_9181 IMG_9182 IMG_9184 IMG_9185 IMG_9186

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print