អារម្មណ៍មួយដ៏សែនតានតឹងបានគ្របដណ្ដប់លើចិត្តរបស់ខ្ញុំ។ ខ្ញុំស្ដាយការសិក្សាថែមទាំងត្រូវបែកគ្នាពីមិត្តភក្តិមិនដឹងថា ពួកគេទៅជាយ៉ាងណាទៅហើយនោះទេ។ អារម្មណ៍របស់ខ្ញុំរឹតតែភ័យព្រួយ ព្រោះមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកឡើយ។ ខ្ញុំដឹងថា ប៉ារបស់ខ្ញុំប្រាកដជាដឹងរឿងគ្រប់យ៉ាងដែលកំពុងតែកើតឡើង តែគាត់មិនហ៊ានប្រាប់ខ្ញុំ ព្រោះគាត់មិនចង់ឲ្យខ្ញុំត្រូវភ័យព្រួយចំពោះរឿងទាំងអស់នេះ។
រថយន្តរបស់ខ្ញុំបានបើកចេញពីវិមានឯករាជ្យតម្រង់ទៅកាន់ស្ពានព្រះមុនីវង្ស។ គ្រាន់តែឆ្លងផុតស្ពានបានបន្តិច រថយន្តក៏អស់សាំងមិនអាចធ្វើដំណើរទៅមុខទៀតបានឡើយ។ ប៉ារបស់ខ្ញុំបានចុះទៅប្រមូលអីវ៉ាន់ចេញពីក្នុងឡានទាំងអស់។ ឃើញដូច្នោះម៉ាក់របស់ខ្ញុំសួរថា ” តើយើងត្រូវធ្វើដូចម្ដេចទៀតទៅបង?” យើងត្រូវដើរដូចគេដូចឯង ហើយទុកឡានចោលនៅទីនេះ ឆាប់ដាស់ បញ្ញាវឌ្ឍន៍ ឲ្យក្រោកឡើង ! សុភីនាថកូន ឆាប់ចុះមក! ។ ប៉ារបស់ខ្ញុំនិយាយផងដៃរើអីវ៉ាន់យ៉ាងប្រញាប់ប្រញាល់ផង។
ទីបំផុត យើងត្រូវបន្តដំណើរដោយថ្មើរជើងដូចប្រជាជនដទៃទៀត។ ខ្ញុំដឹកដៃប្អូនប្រុសរបស់ខ្ញុំ ចំណែកប៉ា និងម៉ាក់របស់ខ្ញុំស្ពាយអីវ៉ាន់ផង ទូលផងសំពីងសំពោងពេញខ្លួន។ ទឹកមុខមនុស្សម្នាក់ៗក្រៀមស្រពោនព្រោះសេចក្តីហេវហត់។ ខ្ញុំបានឃើញលោកតាចំណាស់ម្នាក់ដើរទៅមុខលែងរួចព្រោះធ្វើដំណើរឆ្ងាយហេវហត់អស់កម្លាំងទន់ដៃទន់ជើង។ គាត់ស្រែករកទឹក តែក្រុមគ្រួសាររបស់គាត់ពុំបានយកទឹកមកជាមួយឡើយ។ មីងម្នាក់នៅក្បែរនោះឮហើយក៏បានយកទឹកឲ្យគាត់ហូបប៉ុន្តែកងទ័ពអាវខ្មៅដែលនៅក្បែរនោះបានមកកញ្ឆក់ទឹកពីដៃរបស់គាត់យកទៅបោះចោលហើយស្រែកកំហកដាក់លោកតានោះថា តាកញ្ចាស់នេះ ធ្វើពុតទន់រលេះរលួយ ព្រោះនៅជាប់កម្អែលចក្រពត្តិ មិនបាច់ខ្វល់ពីគាត់ទេ។
ថាតែប៉ុណ្ណេះ កងទ័ពអាវខ្មៅអាមេកាំភ្លើងតម្រង់ចំដើមទ្រូងរបស់លោកតានោះ រួចបាញ់សម្លាប់មួយរំពេច។ កូនស្រីរបស់គាត់ទម្លាក់អីវ៉ាន់ចុះរត់ទៅឱបសាកសពឪពុករបស់ខ្លួន ក៏ត្រូវកងទ័ពអាវខ្មៅបាញ់សម្លាប់ដែរ។ ឃើញហេតុការណ៍ដូច្នោះ គ្មានអ្នកណាហ៊ានមើលទេ ម្នាក់ៗសម្ងំស្ងាត់មាត់ឈឹងគិតតែនាំគ្នាដើរទៅមុខ ព្រោះខ្លាចមានលទ្ធផលដូចឪពុកកូនគេទាំងពីរនាក់។ ខ្ញុំពិតជាតក់ស្លុតចំពោះហេតុការណ៍នេះណាស់ ព្រោះខ្ញុំបានឃើញផ្ទាល់នឹងភ្នែករបស់ខ្ញុំ។ ឱលោកអើយ! ម្ដេចក៏ឃោរឃៅខ្លាំងម្ល៉េះ?កងទ័ពអាវខ្មៅមានគ្នាត្រឹមតែពីរបីនាក់សោះ ប៉ុន្តែអាចជម្លៀសមនុស្សរាប់រយ រាប់ពាន់នាក់ បានដោយមិនមាននរណាហ៊ានប្រឆាំងព្រោះតែខ្លាចត្រូវបាត់បង់ជីវិត។
ព្រះសុរិយាអស់ស្តងគតរលត់ រស្មី លោកិយគ្របដណ្ដប់ដោយស្បៃអន្ធការងងឹតសូន្យសុងមើលអ្វីមិនយល់ បុរសម្នាក់ដែលដើរពីខាងមុខដៃកាន់កាំភ្លើង ស្លៀកពាក់ពណ៌ខ្មៅមានបង់កក្រមាក៏បានលើកដៃស្រែកឡើងខ្លាំងៗថា” ឥឡូវនេះយើងមកដល់ឃុំដីឥដ្ឋហើយ យប់នេះមិត្តទាំងអស់គ្នាត្រូវសម្រាកនៅសាលាបឋមសិក្សាដីឥដ្ឋនេះ ចាំស្អែកចាំបន្តដំណើរទៅមុខទៀត ” ។ បានឮពាក្យនេះម្នាក់ៗហាក់បីដូចជាបានធូរចិត្តបន្តិចព្រោះយើងដើរស្ទើរតែពេញមួយថ្ងៃទៅហើយ ហេវហត់អស់កម្លាំងទន់ដៃទន់ជើងដើរទៅមុខស្ទើរមិនរួច។ មនុស្សម្នាទាំងឡាយក៏បានរៀបចំទុកដាក់អីវ៉ាន់រួចប្រមូលគល់ឈើ មែកឈើមកដុតបំភ្លឺ។ អ្នកខ្លះបានវេចអង្ករវេចឆ្នាំងមកតាមខ្លួនក៏បានដាក់ដាំបាយហូប។ គ្រួសាររបស់ខ្ញុំជាប់មកជាមួយនំចំនួន ពីរទៅបី ល្មមនឹងអាចចម្អែតក្រពះបានមួយពេលដែរ។ យើងនាំគ្នាហូបរួចប៉ារបស់ខ្ញុំ បានរៀបចំកន្លែងសម្រាប់គេងរួចគាត់ស្រែកឲ្យខ្ញុំនាំប្អូនប្រុសរបស់ខ្ញុំមកគេង។
ដោយសារភាពនឿយហត់អស់កម្លាំង ធ្វើឲ្យខ្ញុំល្វើយទន់ត្របកភ្នែកលង់លក់ដោយមិនដឹងខ្លួន។ លុះព្រឹកឡើងកងទ័ពអាវខ្មៅមួយក្រុមបានមកដល់សាលាបឋមសិក្សាដីឥដ្ឋ ហើយបានបញ្ជាឱ្យគ្រួសារនីមួយៗចូលទៅក្នុងបន្ទប់ទីចាត់ការ និងបានសួរសំណួរបញ្ជាក់ពីប្រវត្តិរូបថា តើធ្វើការអ្វី? តើមានជាប់និន្នាការខ្មាំងឬទេ?។ ពួកគេមិនត្រឹមតែសួរសាមីខ្លួនប៉ុណ្ណោះទេ ថែមទាំងសួរគ្រួសារជម្លៀសដទៃទៀតដែលស្គាល់គ្រួសារយើងថែមទៀត។សំណាងល្អដែរដែលអ្នកទាំងអស់ពុំមានអ្នកណាម្នាក់ស្គាល់សាវតាយើងពិតប្រាកដ។
រំពេចនោះ ស្រាប់តែដល់វេនគ្រួសាររបស់ខ្ញុំត្រូវចូលទៅក្នុងបន្ទប់ទីចាត់ការដើម្បីឲ្យគេសាកសួរព័ត៌មាន។ ប៉ារបស់ខ្ញុំបានងាកមករកម៉ាក់របស់ខ្ញុំ និងខ្ញុំហើយក៏និយាយបញ្ជាក់ប្រាប់ម្ដងទៀតថា ដាច់ខាតត្រូវតែលាក់សាវតារពីគ្រួសាររបស់យើងកុំឲ្យគេដឹង។ ម៉ាក់របស់ខ្ញុំងក់ក្បាលជាសញ្ញាប្រាប់ថាគាត់យល់ហើយ។គ្រួសាររបស់ខ្ញុំបានដើរចូលទៅក្នុងបន្ទប់ទីចាត់ការនោះ។ ពេលចូលទៅដល់ ខ្ញុំឃើញបុរសម្នាក់អង្គុយនៅលើកៅអីមានតុនៅចំពីមុខ។ បុរសនោះបានសួរមកកាន់ប៉ារបស់ខ្ញុំថា មិត្តឯងធ្វើការអី? ប៉ារបស់ខ្ញុំតបយ៉ាងទន់ភ្លន់ថា បាទ!ខ្ញុំធ្វើជាកម្មកររោងចក្របារី។ បុរសនោះបានសួរបញ្ជាក់បន្ថែមថា មិត្តឯងត្រូវនិយាយស្មោះត្រង់ជាមួយអង្គការ មិនត្រូវកុហកឡើយ តើមិត្តឯងមានជាប់និន្នាការខ្មាំងឬទេ? ខ្ញុំមិនដឹងស្អីទេតើអ្វីជានិន្នាការ។ ប៉ារបស់ខ្ញុំនិយាយមិនទាន់ចប់ផងបុរសម្នាក់នោះក៏ស្រែកដាក់ប៉ារបស់ខ្ញុំ មិត្តឯងភ្លើ ឬក៏ធ្វើភ្លើ រួចបុរសម្នាក់នោះនិយាយសម្រួលវិញថា អើ!មិនអីទេមិត្តអាចចេញទៅបាន តែមិត្តឯងត្រូវជម្លៀសទៅភូមិភាគបូព៌ា។ ដូច្នេះមិត្តឯងត្រូវធ្វើដំណើរបន្តទៀតទៅខេត្តព្រៃវែង។
គ្រួសារខ្លះត្រូវបានជម្លៀសមកត្រឹមខេត្តកណ្ដាល។ ឯគ្រួសារខ្លះទៀតរួមទាំងគ្រួសារខ្ញុំ ត្រូវបន្តជម្លៀសទៅខេត្តព្រៃវែង។ ប៉ារបស់ខ្ញុំរៀបចំអីវ៉ាន់រួចជាស្រេចគាត់ក៏ដើរតម្រង់ទៅរកលោកអ៊ំចាស់ម្នាក់រួចសួរទៅកាន់លោកអ៊ំម្នាក់នោះថា អត់ទោសលោកបង តើលោកបងត្រូវជម្លៀសបន្ត ឬត្រូវនៅទីនេះ ? ហើយនៅពេលដែលប៉ារបស់ខ្ញុំដឹងថា លោកអ៊ំម្នាក់នោះត្រូវនៅទីនេះបន្តទៀត។ ប៉ារបស់ខ្ញុំក៏ខ្សឹបដាក់ត្រចៀកលោកអ៊ំសុំចែកដងរែករបស់គាត់ដោយសន្យាថានឹងឲ្យជាប្រាក់ខ្លះ។ មួយសន្ទុះប៉ារបស់ខ្ញុំដើរត្រឡប់មកវិញទាំងទឹកមុខស្រពោនហើយនិយាយថា លោកអ៊ំនោះមិនឱ្យដងរែកទេ ព្រោះគាត់ត្រូវការចាំបាច់ដែរ ហើយលោកអ៊ំនោះបានប្រាប់ប៉ារបស់ខ្ញុំថា សង្គមនេះលែងត្រូវការចាយលុយកាក់ហើយមិនចាំបាច់យកលុយកាក់មកឱ្យគាត់នោះទេ ព្រោះគ្មានការលក់ដូរអ្វីទៀតទេ។(នៅមានត)