ភ្នំពេញ ៖ បច្ចេកទេសពន្លឺ Narrow Band Imaging (NBI) តាមម៉ាស៊ីនឆ្លុះក្រពះពោះវៀន គឺជាបច្ចេកវិទ្យាអុបទិកដែលអាចប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រជាច្រើន ដែលជួយបង្ហាញពីលំនាំដ៏លំអិត នៃសរសៃឈាម និង ស្រទាប់ភ្នាសដែលតួចបំផុត។ បច្ចេកទេសពន្លឺ NBI ប្រើប្រាស់តែខ្សែរលករស្មីពណ៌ខៀវ និងបៃតង ដែលត្រូវបានស្រូបដោយគោលិកាឈាមក្រហម ជាមួយ ការបង្ហាញខ្ពស់បំផុត។ ការសិក្សាជាច្រើនបានបង្ហាញពីតម្លៃវេជ្ជសាស្ត្រនៃបច្ចេកទេសពន្លឺ NBI ពិសេសក្នុងការកំណត់រកឃើញមហារីក និងការកំណត់លក្ខណៈតំបន់ស្រទាប់ភ្នាសណាដែលសង្ស័យ។ ប្រៀបធៀបនឹងការធ្វើសុងក្រពះពោះវៀន ដោយពន្លឺសធម្មតា (white- light endoscopy) រូបភាពនៃសរសៃឈាមប្តូរមិនសូវព្រាលជាងមុន និងអត្រានៃការមិនបានរកឃើញតំបន់សង្ស័យត្រូវបានកាត់បន្ថយ។
១. តើការប្រើបច្ចេកទេសពន្លឺ NBI ក្នុងការសុងក្រពះ (Gastroscopy) ដើម្បីត្រួតពិនិត្យអ្វី?
បច្ចេកទេសពន្លឺ NBI ក្នុងការសុងក្រពះ (Gastroscopy) ជាវិធីសាស្ត្រក្នុងការរុករកលក្ខណៈប្តូរទម្រង់របស់ភ្នាសបំពង់អាហារ (Barrett’s Esophagus) ដែលជាទូទៅនៅផ្នែកខាងក្រោមនៃបំពង់អាហារដែលអាចបណ្តាលឱ្យកើតមានបហារីកបំពង់អាហ (Esophageal Cancer)។ បើទោះបីជាការច្រឹបយកសាច់មិនអាចបោះបង់ចោលបានទាំងស្រុងក្តី បច្ចេកទេសពន្លឺ NBI អាចបង្កើនគុណភាព និងប្រសិទ្ឋភាព ក្នុងការរុករក និងត្រួតពិនិត្យរកលក្ខណៈប្តូរទម្រង់របស់ភ្នាសបំពង់អាហារ (Barrett’s esophagus)។
ម៉្យាងទៀត បច្ចេកទេសពន្លឺ NBI បានបង្ហាញថាអាចបង្កើនអត្រាការរកមហារីកតាមបំពង់អាហារ និងបំពង់កប្រភេទ (Squamous Cell Carcinoma) ដែលជួយឱ្យការព្យាបាលបានឆាប់រហ័ស និង បានទិន្នផលប្រសើរឡើង។
២. តើការប្រើបច្ចេកទេសពន្លឺ NBI ក្នុងការពោះវៀន (Colonoscopy) ដើម្បីត្រួតពិនិត្យអ្វី?
ដុំសាច់ក្នុងពោះវៀន(Adenoma) គឺជាប្រភេទសាច់ដុះដែលអាចបណ្តាលឱ្យកើតមហារីកពោះវៀន ប្រសិនបើមិនត្រូវបានរកឃើញ និង ព្យាបាលទាន់ពេលវេលា។បច្ចេកទេសពន្លឺ NBI មិនត្រឹមតែអាចបង្កើនអត្រាការរកឃើញ ដុំសាច់ក្នុងពោះវៀន Adenoma Detection Rate (ADR) ប្រសិនបើ ការសំអាតពោះវៀនបានស្អាត តែបច្ចេកទេសនេះ ក៏អាចព្យាករណ៍ អំពីប្រភេទដុំសាច់ក្នុងពោះវៀននេះ (Histology) និង អំពីរយៈពេលតាមដាន បានត្រឹមត្រូវដល់ទៅ ៩០% ។ វាជួយបញ្ជាក់តំបន់ដែលអាចបង្កើនហានិភ័យ និងធ្វើការព្យាបាលដោយឆាប់រហ័ស។
៣. សារសំខាន់សម្រាប់សុខភាព
ការត្រួតពិនិត្យតាមរយៈការសុងក្រពះ (Gastroscopy) និង ការសុងពោះវៀន (Colonoscopy) ដោយប្រើប្រាស់បច្ចេកទេសពន្លឺ Narrow Band Imaging (NBI) អាចជួយរុករកមហារីកនៅដំណាក់កាលដំបូងបានលឿននិងទាន់ពេលវេលា ក៏ជួយកាត់បន្ថយ នូវហានិភ័យនៃរោគមហារីកក្នុងប្រព័ន្ធរំលាយអាហារផងដែរ។
ប្រសិនបើអ្នកមានរោគសញ្ញាដូចជា ការរលាកបំពង់អាហារ ឬការរលាកពោះវៀន សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិត ជំនាញ ឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ និងច្បាស់លាស់នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា