ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ ចែករំលែក អប់រំ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ក្ដី និងក្នុងបណ្ដាញសង្គម ឱ្យបានយល់ដឹងអំពីផលវិបាកដ៏អាក្រក់ កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់។
តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោកអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ដូចតទៅ៖ ថ្ងៃនេះ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនចូលរួមផ្សព្វផ្សាយ ចែករំលែក អប់រំ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ក្ដី និងក្នុងបណ្ដាញសង្គមក្ដី ឱ្យបានយល់ដឹងអំពីផលវិបាកដ៏អាក្រក់ កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់ ដែលទីបំផុតក៏ផុងខ្លួនចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្សរបស់ពួកឧក្រិដ្ឋជន។ តាមការកត់សម្គាល់ និងមានបញ្ជាក់ក្នុងរបាយការណ៍ពីមន្រ្តីមានសមត្ថកិច្ចកម្ពុជាផង និងពីស្ថាប័ននៃប្រទេស និងអង្គការពាក់ព័ន្ធនានាផង ថ្មីៗនេះ និន្នាការនៃការអូសទាញស្រ្តីវ័យក្មេងឱ្យឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ ដោយបោកប្រាស់ក្រោមលេសនាំទៅធ្វើការងារល្អ ឬនាំទៅរកស្វាមីដែលបានថ្លៃទឹកដោះ (ប្រាក់) ច្រើន កំពុងមានការកើនឡើងគួរឱ្យបារម្ភ។
សម្រាប់កម្ពុជាយើង បញ្ហានេះ ក៏បាននិងកំពុងចោទឡើងដែរ ពីព្រោះចុងក្រោយនេះ ពួកមេខ្យល់បានព្យាយាមនិយាយលួងលោមអូសទាញស្រ្តីខ្មែរ ក្នុងនោះក៏មានយុវតី ឱ្យឆ្លងដែនទៅប្រទេសទី២ និងបន្តទៅប្រទេសទី៣ ទាំងតាមផ្លូវគោកដោយឆ្លងវាលកាត់ព្រៃ និងតាមផ្លូវអាកាសក្រោមរូបភាពបន្លំទៅដើរលេងកំសាន្តជាដើម។ ទីបំផុត សន្យានាំទៅធ្វើការងារល្អ បានប្រាក់ខែច្រើន តែយកទៅលក់ឱ្យធ្វើជាទាសករ ឬសន្យានាំទៅរកស្វាមីជនជាតិនេះ ឬជនជាតិនោះ តែទីបំផុតក្លាយជាស្រ្តីកំដរប្ដីងប់តណ្ហា ឬទទួលការដាក់កំហិតត្រូវតែមានកូនឱ្យគ្រួសារគេ បើមិនចង់ត្រូវគេលក់បន្ត ឬពេលខ្លះបង្កើតបានកូនមកហើយ ក៏ត្រូវប្ដី ឬគ្រួសារគេពង្រាត់ចេញ ដោយលក់បន្តឱ្យទៅប្រុសផ្សេង។
ជាក់ស្ដែង ថ្មីៗនេះ មានស្រ្តីខ្មែរមួយរូបទៀត ត្រូវបានក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថាប័នមានសមត្ថកិច្ចចិនជួយសង្គ្រោះ បន្ទាប់ពីរូបនាងត្រូវបានមេខ្យល់អូសទាញបានសម្រេច ដោយនាំនាងធ្វើដំណើរតាមផ្លូវគោកខុសច្បាប់យ៉ាងលំបាកវេទនាជាច្រើនថ្ងៃ ចូលប្រទេសវៀតណាម បន្តទៅឆ្លងព្រំដែនចូលប្រទេសចិន ដើម្បីជួបជាមួយបុរសចិនដែលចំណាយប្រាក់ជាង២ម៉ឺនដុល្លារអាមេរិកសម្រាប់ថ្លៃទឹកដោះយកនាងជាប្រពន្ធ ទាំងដែលធាតុពិតរូបនាងអះអាងថាបានទទួលប្រាក់ទឹកដោះនោះ តែ៣ពាន់ដុល្លារប៉ុណ្ណោះ ហើយថែមទាំងត្រូវប្ដីនោះធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង ទាំងផ្លូវចិត្ត និងផ្លូវកាយ ក្នុងនោះក៏រួមទាំងការដាក់កំហិតឱ្យហូបថ្នាំ និងរួមដំណេកច្រើនហួស ដើម្បីបង្កើតកូនឱ្យគេ ដោយគំរាមកំហែងថា នឹងលក់នាងបន្តទៅឱ្យប្ដីថ្មី បើនាងមិនអាចបង្កើតកូនឱ្យគ្រួសារគេបាន។
ជនរួមជាតិជាទីស្នេហា! ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំសូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា រាជរដ្ឋាភិបាលយើង មានការប្ដេជ្ញាចិត្តខ្ពស់ណាស់ក្នុងការប្រកៀកស្មាធ្វើការជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស។ រាជរដ្ឋាភិបាលយើងខិតខំណាស់ ដើម្បីធានានូវសេចក្ដីសុខប្រកបដោយភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ជាក់ស្ដែង អាជ្ញាធរមានសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស រួមទាំងការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បានជាច្រើនករណី និងក៏ផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មានជាមួយបណ្ដាប្រទេស និងសហគមន៍អន្តរជាតិបានយ៉ាងល្អដើម្បីដោះស្រាយបញ្ហាជាសកលមួយនេះ។
យ៉ាងណាក៏ដោយ មិនថាប្រទេសកម្ពុជាយើង និងបណ្ដាប្រទេសផ្សេងទៀតនោះឡើយ ពួកឧក្រិដ្ឋជន បានប្រើប្រាស់គ្រប់វិធីសាស្រ្តដើម្បីអូសទាញស្រ្តីវ័យក្មេង ដោយវិធីសាស្រ្តនោះកាន់តែមានភាពបត់បែន និងស្មុគស្មាញ។ ជាក់ស្ដែង ពួកឧក្រិដ្ឋជនបានប្ដូរពីរបៀបទំនាក់ទំនងបែបប្រពៃណី ដូចជាការណាត់ជួបតាមផ្ទះ តាមកន្លែងការងារ ទៅជាការទំនាក់ទំនងតាមមធ្យោបាយអនឡាញ ដែលនាំឱ្យឪពុកម្ដាយ ក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធពិបាកកំណត់មុខសញ្ញា។ ពួកគេ ក៏បានប្រើទឹកប្រាក់ រូបភាពហ៊ឺហា ការសន្យា និងការផ្ដល់ក្ដីសង្ឃឹមភូតកុហកគ្រប់បែបយ៉ាង ដែលធ្វើឱ្យយុវតីមួយចំនួនលង់ជឿដោយខ្វះការពិចារណា និងព័ត៌មានគ្រប់ជ្រុងជ្រោយ។
ក្នុងន័យនេះ ទន្ទឹមនឹងការខិតខំប្រឹងប្រែងមួយចំណែកពីរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ខ្ញុំសូមបងប្អូនជនរួមជាតិ បើជាសាមីខ្លួន ត្រូវចេះសួរនាំព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួន មុននឹងសម្រេចចិត្ត និងត្រូវចងចាំថា ការឆ្លងដែនខុសច្បាប់ មិនត្រឹមតែត្រូវប្រឈមនឹងការចាប់ខ្លួនពីអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែវាជាតម្រុយនៃការនាំទៅចូលអន្ទាក់នៃអំពើជួញដូរមនុស្ស! បើជាឪពុកម្ដាយ ឬអាណាព្យាបាល សូមអប់រំណែនាំជាប្រចាំដល់កូនចៅខ្លួន! បើជាព្រះសង្ឃ ឬមេដឹកនាំសាសនានានា សូមជួយទេសនាអប់រំបរិស័ទគ្រប់កម្មវិធី! បើជាគ្រូបង្រៀន សូមពន្យល់ណែនាំជារឿយៗដល់សិស្សានុសិស្ស! បើជាអាជ្ញាធរ សូមផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋ! បើជាប្រធានក្រុមហ៊ុន ថៅកែរោងចក្រ សហគ្រាស អាហារដ្ឋាន កន្លែងកម្សាន…។ល។ សូមផ្សព្វផ្សាយដល់បុគ្គលិកខ្លួនឱ្យបានញឹកញាប់ ក្នុងន័យដើម្បីយើងរួមគ្នាបង្កើតបានជាចលនាជាតិដ៏សកម្ម និងគ្មានទីបញ្ចប់ ប្រឆាំងអំពើជួញដូរមនុស្ស ជាមួយមនុស្សជាតិលើពិភពលោក៕
ដោយ ៖ សិលា