ភ្នំពេញ ៖ សពប្រជាពលរដ្ឋចំនួន៣នាក់ ដែលស្លាប់ពេលទៅយកអាំងប៉ាវនៅផ្ទះអ្នកឧកញ៉ា សុខ គង់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដឹកយកទៅដល់ស្រុកកំណើត គឺនៅស្រុកបាភ្នំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងនៅខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ដោយឡែកសពមួយទៀត អាជ្ញាធររកសាច់ញាតិមិនទាន់ឃើញនៅឡើយទេ ដោយតម្កល់ទុកជាបណ្តោះអាសន្ននៅមន្ទីរពេទ្យកាល់ម៉ែតសិន។
សូមបញ្ជាក់ថា ៖ អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រួសារសពម្នាក់៥លានរៀល និងអ្នករងរបួស២លានរៀល។
ដោយឡែកអ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភគ្រួសារសពម្នាក់៦ពាន់ដុល្លារ និងអ្ន ករងរបួស៤លានរៀល។
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ថា ៖ អត្តសញ្ញាណជនរងគ្រោះ រួមមាន៖
* សង្គ្រោះនៅពេទ្យអង្គឌួង ចំនួន ៤នាក់ ស្លាប់ចំនួន ០២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
– អ្នកស្លាប់ រួមមាន៖
១. ឈ្មោះ ម៉ាន់ ស៉ីយ៉ាន ភេទប្រុស អាយុ៧១ឆ្នាំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ២. ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ ៦៧ឆ្នាំ ភូមិដំរៀងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
– អ្នកសង្គ្រោះបន្ទាន់៖
១. ឈ្មោះ ជិន តុន ភេទប្រុស អាយុ៧៥ ឆ្នាំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ២. ឈ្មោះ ភេទប្រុស អាយុ (មិនទាន់ស្គាល់អត្តសញ្ញាណ)។
* សង្គ្រោះនៅពេទ្យកាល់ម៉ែត្រ ចំនួន៥នាក់
– សង្រោះបន្ទាន់ (៣នាក់)៖
១. ឈ្មោះ កែវ ភឿន អាយុ៦៥ ឆ្នាំ ភេទ ប្រុស ២. ឈ្មោះ ហេង សានី ភេទប្រុស អាយុ ១៣ឆ្នាំ ៣. ឈ្មោះ នូ ស៉ី ភេទស្រី អាយុ ៣៥ឆ្នាំ ករណីនេះគាត់ទៅមើលគេ ហើយលឺថាបងខ្លួនស្លាប់ក៏សន្លប់តែម្តង។
– ករណីស្លាប់ ចំនួន ២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
១. ឈ្មោះ រឿន ចេក ភេទស្រី អាយុប្រហែល ៣៧ ឆ្នាំ ស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ២. ឈ្មោះ យស់ សារឿន ភេទប្រុសអាយុ ៤៥ឆ្នាំ ស្រុកកំណើត ភូមិកន្សោមអក ស្រុកកំពង់កំត្របែក ខេត្តព្រៃវែង។
ដោយឡែកប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា ៖ ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ (លុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម) ហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៥នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។
បើតាមសេចក្ដីរាយការណ៍ភ្លាមៗ ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់២នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លាប់២នាក់ ៕
ដោយ ៖ សិលា