ខេត្តមណ្ឌលគិរី ៖ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តភាគឦសានមួយនេះ រួមទាំងអភិបាលខេត្តជុំវិញ ដែលអញ្ជើញចូលរួមនាឱកាសនោះ យកចិត្តទុកដាក់លើការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ ការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។
លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ថ្មីៗនេះ សមត្ថកិច្ចកម្ពុជា ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។ ឯកឧត្តមបន្ថែមទៀតថាសមត្ថកិច្ចកម្ពុជា ក៏បានរកឃើញករណីមេខ្យល់ អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុត ក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបម្រើតណ្ហា ជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគំរាមកំហែងថានិងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន ដែលនេះគឺជាអំពើដ៏ស្មោកគ្រោក ដែលបាននិងកំពុងមានការកើនឡើង មិនថានៅក្នុងប្រទេសជុំវិញ ក្នុងតំបន់នោះទេ។
ក្នុងន័យនេះលោកបានអំពាវនាវ រដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋដើម្បីឱ្យយល់ដឹង អំពីផលវិបាកនៃការប្រព្រឹត្តអំពើជួញដូរមនុស្ស ស្របពេលដែលបច្ចុប្បន្ន មានមធ្យោបាយនៃការទំនាក់ទំនង អូសទាញយុវតី តាមសម័យឌីជីថលទំនើប គឺប្រព័ន្ធអនឡាញ។ លោកអភិសន្តិបណ្ឌិត បានស្នើឱ្យអាណាព្យាបាល ក៏ដូចជាសាច់ញាតិដែលមានសមាជិករបស់ខ្លួន ត្រូវប្រឈមទៅនិងការអូសទាញ ឱ្យធ្វើការងារនៅក្រៅប្រទេស សូមផ្ដល់ការប្រឹក្សាយោបល់សួរនាំ និងទំនាក់ទំនងមកកាន់អាជ្ញាធរដើម្បីបញ្ជាក់ អំពីអ្វីដែលជាព័ត៌មានពិតមុន និងធ្វើការសម្រេចចិត្ត។
ពាក់ព័ន្ធនឹងការទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តីក៏បានណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី និងបណ្ដាខេត្តជាប់ព្រំដែនប្រទេសវៀតណាមបន្តសហការដឹកនាំ កម្លាំងមានសមត្ថកិច្ច ទប់ស្កាត់ឱ្យបាននូវរាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ទាំងធ្វើដំណើរចូល-ចេញដើម្បីទប់ស្កាត់បទល្មើសព្រំដែន និងដើម្បីទប់ស្កាត់នូវបទល្មើសដែលអាចកើតឡើងតាមរយៈអ្នកឆ្លងដែនខុសច្បាប់ដូចជាការជួញដូរអាវុធ និងគ្រឿងញៀនជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានលើកទឹកចិត្តឱ្យមន្រ្តីវរៈនគរបាលការពារព្រំដែនបន្តសកម្មភាពជាមួយកងកម្លាំងចម្រុះ នៅក្នុងកិច្ចការពារបូរណភាពទឹកដីទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបូរណភាពទឹក ដីរបស់កម្ពុជា។
ពីវេទិការធិបតីនេះដែរ លោកអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះលទ្ធផលការបំពេញការងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី ពេញមួយឆ្នាំ២០២៤ និងក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវលទ្ធផលនៃសន្និបាតដែលមានការពិភាក្សាគ្នា នូវប្រធានបទសំខាន់ៗ ក្នុងន័យប្រមូលធាតុចូល ដើម្បីតម្រង់ទិសដៅការងារក្នុងឆ្នាំ២០២៥ ឱ្យបានកាន់តែប្រសើរឡើង ដើម្បីរួមចំណែកសម្រេចជោគជ័យ យុទ្ធសាស្រ្តបញ្ចកោណក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាថ្មីម្ដងទៀត លោកអភិសន្តិបណ្ឌិត នៅតែបន្តលើកឡើងដោយសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃកិច្ចការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមណែនាំបន្ថែម លើការងារអនុវត្តគោលនយោបាយភូមិ-ឃុំ -សង្កាត់មានសុវត្ថិភាព ការពង្រឹងធនធានមនុស្សដើម្បីធានាការផ្តល់សេវាសាធារណៈដែលថ្នាក់ជាតិបានផ្តល់មកឱ្យបានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមករា រហូតដល់រសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥នេះ។ សន្និបាតនេះ ធ្វើឡើងតាមគោលការណ៍ណែនាំរបស់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលណែនាំរៀបចំឱ្យបានមុនសន្និបាតក្រសួងមហាផ្ទៃ៕
ដោយ ៖ សិលា